បរទេស៖ មនុស្ស ៣ នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងអំឡុងពេលការបាញ់ប្រហារដែលធ្វើឡើងដោយសន្តិសុខម្នាក់នៅស្រុក Damnoen Saduak ក្នុងខេត្ត Ratchaburi កាលពីយប់ថ្ងៃសុក្រ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ប៉ូលីសត្រូវបានគេហៅទៅកាន់កន្លែងកើតហេតុនៅឯរោងចក្រថាមពល Ratchaburi ដែលដំណើរការដោយក្រុមហ៊ុន Ratch Group Ple ដែលចុះក្នុងបញ្ជី SET ក្រោយមុង ៩យប់ បន្ទាប់ពីមានការបាញ់ប្រហារជាច្រើនបានកើតឡើង។
ក្រុមមន្ត្រីប៉ូលិស និងបុគ្គលិកពេទ្យបានរកឃើញបុរសបីនាក់ស្លាប់នៅលើផ្លូវ។ អ្នកស្លាប់ត្រូវបានគេកំណត់អត្តសញ្ញាណថា មានឈ្មោះ ពីចិត អាយុ ៥៥ ឆ្នាំ, ចាន់ ណារ៉ុប អាយុ ៥០ ឆ្នាំ និងឆាក្រឹត អាយុ ៥២ ឆ្នាំ។
ពីចិត និង ចាន់ណារ៉ុប កាន់តំណែងជាអ្នកគ្រប់គ្រងនៅរោងចក្រ ខណៈ ឈ្មោះ ឆាក្រឹត ជាគ្រូបង្ហាត់សន្តិសុខ។
បុគ្គលិកម្នាក់ទៀតឈ្មោះ សាទិត អាយុ៥០ឆ្នាំ បានរងរបួសដោយគ្រាប់កាំភ្លើងត្រង់ពោះ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ។
ប៉ូលិសបាននិយាយថា បុរសម្នាក់ឈ្មោះ ប៊ុនឡឺត ជាប្រធានសន្តិសុខនៃកន្លែងនោះ គឺជាបុគ្គលដែលទទួលខុសត្រូវចំពោះការបាញ់សម្លាប់នេះ ។
ប៉ូលីសត្រូវបានគេប្រាប់ថាក្រុមហ៊ុនយាមរបស់ប៊ុនឡឺត ថ្មីៗនេះបានកាត់បន្ថយទំនួលខុសត្រូវរបស់ខ្លួនបន្ទាប់ពីរោងចក្រនេះបានភ្ជាប់អ្នកផ្តល់សន្តិសុខបន្ថែម។
យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា លោក ប៊ុនឡឺត មានការខឹងសម្បារ អំឡុងពេលឈ្លោះជាមួយសហការី ជុំវិញការផ្លាស់ប្តូរប្រាក់ឈ្នួល ហើយភ្លាមៗនោះ បានបាញ់ប្រហារមកលើពួកគេ ដោយកាំភ្លើងខ្លី ៩ មីលីម៉ែត្រ៕ ប្រែសម្រួលៈ ណៃ តុលា