ព័ត៌មានអន្តរជាតិ

UN ព្រួយបារម្ភនឹងការ វាយប្រហារដោយ មីស៊ីលរបស់អ៊ីរ៉ង់ ទៅលើស៊ីរី និងអ៊ីរ៉ាក់

Xinhua

អ.ស.ប៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ថា អ្នកនាំពាក្យមួយរូប របស់អង្គការសហប្រជាជាតិ (អ.ស.ប)បានលើកឡើងកាលពីថ្ងៃអង្គារថា អង្គការសហប្រជាជាតិ ហៅកាត់ថា (UN) មានការព្រួយបារម្ភចំពោះការវាយប្រហារដោយមីស៊ីលរបស់ប្រទេសអ៊ីរ៉ង់ ប្រឆាំងនឹងអ្វីដែលទីក្រុងតេហរ៉ង់ ហៅថា មូលដ្ឋានរបស់ពួកភេរវករ និងសេវាស៊ើបការណ៍ សម្ងាត់របស់អ៊ីស្រាអ៊ែល Mossad នៅក្នុងប្រទេសស៊ីរី និងប្រទេសអ៊ីរ៉ាក់ ។

លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានលើកឡើងថា “យើងមានការព្រួយបារម្ភ យ៉ាងខ្លាំង ចំពោះការវាយ ប្រហារ ដោយការបាញ់ផ្លោង ដែលត្រូវបាន រាយការណ៍ថា ត្រូវបានអះអាងដោយឆ្មាំបដិវត្តន៍ឥស្លាម ហៅកាត់ (Corps) ដែលបានវាយប្រហារ … គោលដៅនៅក្នុងប្រទេសស៊ីរី (និង) នៅក្នុងប្រទេសអ៊ីរ៉ាក់ផងដែរ” ។

លោកបានលើកឡើងថា “ជាថ្មីម្តងទៀត យើងជំរុញ ឱ្យមានការអត់ធ្មត់ជាអតិបរមា និងជៀសវាងការកើនឡើង បន្ថែមទៀតនៅក្នុងតំបន់ដែល … មានភាពប្រែប្រួល និងកាន់តែខ្លាំងឡើង ។ ស្ថានភាពបែបនេះក៏អាចនាំ ឱ្យមានការគិតខុសដោយភាគី ដែលមានផលវិបាកកាន់តែអាក្រក់បំផុត” ។

លោក Dujarric បានបញ្ជាក់ថា លោកអគ្គលេខាធិការបានគូសបញ្ជាក់ឲ្យដឹងទៀតថា រាល់កង្វល់សន្តិសុខរវាងប្រទេសអ៊ីរ៉ាក់ និងអ៊ីរ៉ង់ ត្រូវតែដោះស្រាយតាមរយៈមធ្យោបាយដោយសន្តិវិធី និងការសន្ទនា ស្របតាមគោលការណ៍អធិបតេយ្យភាព បូរណភាពទឹកដី និងទំនាក់ទំនងអ្នកជិតខាងដ៏ល្អ ។

កងឆ្មាំបដិវត្តន៍ឥស្លាមរបស់ប្រទេសអ៊ីរ៉ង់ បានឲ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួនបានបាញ់មីស៊ីលផ្លោងប្រឆាំងនឹងមូលដ្ឋាននៃក្រុម “ភេរវករ” និងសេវាកម្មចារកម្មរបស់អ៊ីស្រាអ៊ែល ឈ្មោះថា Mossad នៅក្នុងប្រទេសស៊ីរី និងតំបន់ Kurdistan របស់ប្រទេសអ៊ីរ៉ាក់ ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារ “ភេរវកម្ម” ប្រឆាំងប្រទេសអ៊ីរ៉ង់ នាពេលថ្មីៗនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top