សេអ៊ូល៖ កូរ៉េខាងជើងបានឲ្យដឹងថា ខ្លួនបានធ្វើការសាកល្បងដ៏សំខាន់មួយ នៃប្រព័ន្ធអាវុធនុយក្លេអ៊ែរក្រោមទឹករបស់ខ្លួននៅក្នុងសមុទ្រជប៉ុន ដើម្បីឆ្លើយតបទៅនឹងសមយុទ្ធយោធារួមគ្នាដោយសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន។
ក្រសួងការពារជាតិកូរ៉េខាងជើងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការធ្វើតេស្តនេះគឺជាប្រព័ន្ធ “Haeil-5-23” ដែលនៅតែស្ថិតក្រោមការអភិវឌ្ឍន៍នៅឡើយ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតនៃការធ្វើតេស្តនេះទេ។
របាយការណ៍ KCNA បានដកស្រង់សេចក្តីថ្លែងការណ៍ថា “ឥរិយាបថប្រឆាំងនុយក្លេអ៊ែរក្រោមទឹករបស់កងទ័ពរបស់យើង កំពុងត្រូវបានបង្គត់ចេញបន្ថែមទៀត ហើយសកម្មភាពឆ្លើយតបតាមដែនសមុទ្រ និងក្រោមទឹកជាច្រើនរបស់វានឹងបន្តរារាំងសមយុទ្ធយោធាអរិភាពរបស់កងទ័ពជើងទឹកអាមេរិក និងសម្ព័ន្ធមិត្ត”។
កាលពីឆ្នាំមុន ទីក្រុងព្យុងយ៉ាងបានអះអាងថា ខ្លួនបានសាកល្បងដោយជោគជ័យនូវយន្ដហោះដ្រូនវាយប្រហារនុយក្លេអ៊ែរក្រោមទឹក ដែលត្រូវបានរចនាឡើងដើម្បីបង្កើតរលកយក្សស៊ូណាមិ ដើម្បីបំផ្លាញនាវា និងកំពង់ផែរបស់សត្រូវ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា សមយុទ្ធត្រីភាគីរយៈពេលបីថ្ងៃដែលបានធ្វើឡើងនៅក្នុងដែនទឹកនៃកោះ Jeju របស់កូរ៉េខាងត្បូង ចាប់ពីថ្ងៃចន្ទនេះ គឺជា “ទង្វើនៃការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ” របស់ប្រទេសកូរ៉េខាងជើង “យើងនឹងមិនអត់ធ្មត់ ចំពោះការប្រឈមមុខដាក់គ្នាដោយយោធាដែលមិនប្រុងប្រយ័ត្ននោះទេ”៕ ប្រែសម្រួល ឈូក បូរ៉ា