ម៉ិកស៊ិក៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ថា កាលពីថ្ងៃសុក្រ លោក Andres Manuel Lopez Obrador ប្រធានាធិបតីម៉ិកស៊ិក បានជំរុញឱ្យក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ (UN) ជំរុញឱ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីដោះស្រាយជម្លោះ តាមរយៈមធ្យោបាយការទូត ។
នៅក្នុងសន្និសីទ កាសែតប្រចាំថ្ងៃរបស់គាត់ លោកប្រធានាធិបតីម៉ិកស៊ិក បានស្នើឱ្យអង្គការសហប្រជាជាតិប្រកាសពីបទឈប់បាញ់ និងបង្កើតរយៈពេល នៃបទឈប់បាញ់រវាងភាគីទាំង២ ។
លោក Lopez Obrador បានប្រាប់ដល់អ្នកយកព័ត៌មានថា “សូមឱ្យអ្នកការទូត មានឱកាស និងអនុញ្ញាតឱ្យមនុស្សគ្រប់គ្នា ដែលអាចជួយសម្រេចបានសន្តិភាព” ។
លោកបានថ្លែងថា “វាមិនមែននិយាយអំពីការថ្កោលទោស នរណាម្នាក់នោះទេ ប៉ុន្តែជាការស្វែងរកមធ្យោបាយដើម្បីបញ្ឈប់សង្រ្គាមដ៏ឃោរឃៅ និងអមនុស្សធម៌មួយនេះ ។ នោះគឺជាអ្វីដែលប្រទេស ម៉ិកស៊ិកស្នើសុំ” ។
លោកបានបញ្ជាក់ថា ម៉ិកស៊ិក មិនគាំទ្រ “ភាពមិនសមហេតុផល នៃសង្គ្រាមនោះទេ” ពិសេសនៅគ្រា ដែលជនស្លូតត្រង់បានស្លាប់ បាត់បង់ជីវិតនៅក្នុងជម្លោះនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា