កីឡា

គ្រូបង្វឹកតេក្វាន់ដូ រងការចោទប្រកាន់ពី បទរំលោភក្មេងប្រុសជាច្រើននាក់

វៀតណាម៖យោងតាមការចេញផ្សាយពីគេហទំព័រ Vnexpress បានប្រាប់ឲ្យដឹងថា ប៉ូលីសខេត្ត Quang Ngai ភាគកណ្តាលប្រទេសវៀតណាមបានចាប់ខ្លួនបុរសម្នាក់ដែលជាគ្រូបង្វឹកតេក្វាន់ដូនៅក្លិបក្នុងស្រុកមួយចំនួន បន្ទាប់ពីមានការចោទប្រកាន់ថា លោកបានរំលោភសិស្សប្រុសជាច្រើននាក់។


ប៉ូលិសបាននិយាយកាលពីថ្ងៃអាទិត្យថា លោក Pham Huynh Minh Thinh អាយុ ២៩ ឆ្នាំ អ្នកស្រុកនៅទីប្រជុំជន Quang Ngai នៃខេត្ត កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីបទរំលោភមនុស្សក្រោមអាយុ ១៦ ឆ្នាំ។


ប៉ូលីសបានបន្តថា លោក Thinh ជាប្រធាន និងគ្រូបង្វឹកក្លិបកីឡាតេក្វាន់ដូជាច្រើននៅសង្កាត់ Truong Quang Trong ក្នុងទីក្រុង។ ក្លិបទាំងនោះប្រមូលផ្តុំសិស្សជាង ១០០ នាក់ ដែលភាគច្រើនជាក្មេងប្រុស មានអាយុពី ៦ ទៅ ១៦ ឆ្នាំ។


ក្រៅពីបង្រៀនក្បាច់គុន លោក Thinh ជាគ្រូសកម្មម្នាក់ដែលបានរៀបចំសកម្មភាពសម្រាប់សិស្សរបស់លោក ដូចជាការដាំដើមឈើ ហើយត្រូវបានឪពុកម្តាយជាច្រើនទុកចិត្ត។ ថ្មីៗនេះ លោកត្រូវបានចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទសិស្សប្រុសជាច្រើននាក់។


នៅពេលដែលប៉ូលីសស៊ើបអង្កេតលោក ពួកគេបានរកឃើញថា លោកបានរំលោភក្មេងប្រុសមួយចំនួន ហើយបានថតសកម្មភាពរបស់លោកជាច្រើនដង។ ប៉ូលិសកំពុងហៅឪពុកម្តាយឲ្យសហការ ខណៈពួកគេពង្រីកការស៊ើបអង្កេត។


ជនត្រូវចោទពីបទចាប់រំលោភមនុស្សអាយុក្រោម ១៦ឆ្នាំ អាចទទួលទោសដាក់ពន្ធនាគារពី ៧ ទៅ ១៥ឆ្នាំ។ ពួកគេអាចទទួលទោសប្រហារជីវិតពីបទរំលោភបូក ប្រសិនបើពួកគេបង្កការខូចខាតផ្លូវកាយ ឬផ្លូវចិត្តធ្ងន់ធ្ងរ ឬជនរងគ្រោះមានអាយុតិចជាង ១០ ឆ្នាំ៕

Most Popular

To Top