ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បាញ់មីស៊ីលនាំផ្លូវជាច្រើនគ្រាប់ ចូលទៅក្នុងសមុទ្រលឿង

Kyodo

តូក្យូ៖ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់មីស៊ីលឆ្លងទ្វីប ជាច្រើនគ្រាប់ចូលទៅក្នុងសមុទ្រ លឿងនៅថ្ងៃពុធនេះ។ នាយសេនាធិការចម្រុះ របស់កូរ៉េខាងត្បូង បានឲ្យដឹងថា មីស៊ីលត្រូវបានបាញ់ នៅម៉ោងប្រហែល ៧ ព្រឹក ។

ការបាញ់មីស៊ីលនេះបានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានឲ្យដឹងថា ខ្លួនបានធ្វើការសាកល្បង ប្រព័ន្ធអាវុធនុយក្លេអ៊ែរក្រោមទឹកនៅក្នុងសមុទ្រ ដើម្បីឆ្លើយតបទៅនឹងសមយុទ្ធយោធា រួមគ្នាដោយសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ។

វាត្រូវបានគេជឿថា ជាលើកទីមួយហើយ ដែលកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលនាំផ្លូវ ចាប់តាំងពីខែកញ្ញាឆ្នាំមុន នៅពេលដែលវាក៏បានបាញ់ បង្ហោះចូលទៅក្នុង សមុទ្រលឿងផងដែរ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានរាយការណ៍មួយថ្ងៃ បន្ទាប់ពីការបាញ់បង្ហោះកាលពីថ្ងៃទី០២ ខែកញ្ញាថា ប្រទេសនេះបានបាញ់សាកល្បង កាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយចំនួនពីរគ្រាប់ ដែលជាផ្នែកមួយនៃសមយុទ្ធ វាយប្រហារនុយក្លេអ៊ែរយុទ្ធសាស្ត្រ ។

ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ បាននិយាយនៅថ្ងៃបន្ទាប់ថា នៅថ្ងៃទី១៤ ខែមករាឆ្នាំនេះ កូរ៉េខាងជើងបានបាញ់ សាកល្បងមីស៊ីលផ្លោងប្រភេទឥន្ធនៈរឹងកម្រិតមធ្យម ដែលមានក្បាលគ្រាប់ ដែលមានល្បឿនលឿនជាងសំឡេង៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top