កីឡា

លោកឧត្តមសេនីយ៍ទោ ខូវ ឆាយ ៖ ការប្រកួតប្រដាល់គុនខ្មែរ ជើងឯកថ្នាក់ជាតិឆ្នាំនេះ សហព័ន្ធចំណាយជាងថវិកា ជាង ១០ ម៉ឺនដុល្លារ


ភ្នំពេញ៖ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ខូវ ឆាយ នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ និងជាអនុប្រធានទី១ សហព័ន្ធកីឡាប្រដាល់គុនខ្មែតំណាងឲ្យលោកឧត្តមសេនីយ៍ឯក តែម ម៉ឺន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានអញ្ជើញចុះMOUជាមួយក្រុមហ៊ុនឯកជនសម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ នៅអាគារវឌ្ឍន:។

សម្រាប់ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ ដែលមានទីតាំងស្ថិតនៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងក្នុងដីឡូដ៍ជិតច្រមុះជ្រូក រូបសំណាកព្រះគោព្រះកែវមានរយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ។

លោកឧត្តមសេនីយ៍ទោ ខូវ ឆាយ បានប្រសាសន៍ថា ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ ក្រោមការប្រើប្រាស់កញ្ចប់ថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា និងដៃគូឧបត្ថម្ភដោយព្រឹត្តិការណ៍ប្រកួតទាំងមូលត្រូវចំណាយអស់ជាង ១០ ម៉ឺនដុល្លារ ក្នុងនោះការចំណាយលើប្រាក់រង្វាន់ជ័យលាភីទាំងមេដាយមាស ប្រាក់ និងសំរឹទ្ធ លើគ្រប់វិញ្ញាសាទាំងអស់រហូតដល់ជាង ៤ម៉ឺនដុល្លារ ខណៈមេដាយមាសចំនួន១៦គ្រឿង ដោយមេដាយមាសគ្រឿងទទួលបានប្រាក់រង្វាន់ ១០០០ ដុល្លារ។

ចំពោះការទទួលហូបចុកស្នាក់នៅរបស់ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីមកតាមសមាគមរាជធានី-ខេត្តទាំងអស់ ក៏ទទួលបានការយកចិត្តទុកដាក់ខ្ពស់ដោយសហព័ន្ធផ្ទាល់រយៈពេល៥ថ្ងៃពេញតែម្តង។ ជាមួយគ្នានេះ លោកអនុប្រធានក៏បានស្នើសុំឲ្យសមាគមចូលរួលទាំងអស់បញ្ជូនកីឡាករ-កីឡាការិនីប្រដាល់គុនខ្មែរល្អៗបំផុតប្រចាំក្លិបមកចូលរួមប្រជែងម្ចាស់ដំណែងជើងឯក ប្រចាំព្រឹត្តិការណ៍នេះឲ្យបានល្អប្រសើរ ពីព្រោះប្រាក់រង្វាន់លើកទឹកចិត្តឆ្នាំនេះក៏ត្រូវបានបង្កើនច្រើនជាងបណ្តាឆ្នាំមុនៗ។

ម្ចាស់ជើងឯកនៃប្រភេទទម្ងន់នីមួយៗ គឺជាតំណាងនៃជម្រើសជាតិ សម្រាប់ត្រៀមចូលរួមប្រកួតកម្រិតអន្តរជាតិនាពេលខាងមុខ។ ដូច្នេះឯកឧត្តមអនុប្រធានសង្ឃឹមជឿជាក់ថា គ្រប់ភាគីពាក់ព័ន្ធនឹងចូលរួមអនុវត្តតាមផែនការដែលបានគ្រោងទុក ដើម្បីរួមគ្នាជំរុញឲ្យការប្រកួតកម្រិតបច្ចេកទេសខ្ពស់បំផុតថ្នាក់ជាតិមួយនេះដំណើរការដោយរលូន និងជោគជ័យ៕ ដោយ៖លី ភីលីព

Most Popular

To Top