ព័ត៌មានអន្តរជាតិ

អ្នកឡើងភ្នំហ្វូជី នឹងត្រូវចំណាយថ្លៃ សេវាបន្ថែម ២០០០យ៉េនទៀត ចំពេលមានការព្រួយបារម្ភ អំពីកំណើនកកស្ទះភ្ញៀវទេសចរណ៍

kyodo

តូក្យូ ៖ រដ្ឋាភិបាលខេត្តបានឲ្យដឹងថា អ្នកឡើងភ្នំហ្វូជី Fuji ពីផ្លូវដែលគេប្រើញឹកញាប់បំផុតនៅក្នុងខេត្តយ៉ាម៉ាណាស៊ី (Yamanashi) នឹងត្រូវគិតប្រាក់ ២០០០យ៉េន (១៣ដុល្លារ) ចាប់ពីរដូវក្តៅនេះ ដើម្បីកាត់បន្ថយការកកស្ទះនៅលើភ្នំដ៏សំខាន់ និងដើម្បីផ្តល់មូលនិធិដល់វិធានការសុវត្ថិភាព។

ការផ្លាស់ប្តូរនេះកើតឡើង ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង លើការអនុវត្តការឡើងភ្នំ ដែលមិនមានសុវត្ថិភាពដូចជា “ការឡើងលើកំពូលភ្នំ” ឬការព្យាយាមឡើងដល់កំពូលភ្នំខ្ពស់បំផុតរបស់ប្រទេសជប៉ុន សម្រាប់ការមើលថ្ងៃរះតែម្តង ដោយមិនដេកលើភ្នំមួយយប់។

លោក Kotaro Nagasaki អភិបាលក្រុង យ៉ាម៉ាណាស៊ី បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានមួយថា “ការរក្សាចំនួនអ្នកឡើង ភ្នំឱ្យស្ថិតក្រោមការត្រួតពិនិត្យ គឺជាកិច្ចការបន្ទាន់មួយ នៅពេលដែលយើង សង្កេតឃើញថា ចំនួនមនុស្សលើសចំណុះ” ។

ការគិតថ្លៃនឹងត្រូវដាច់ ដោយឡែកពីអ្នកឡើងភ្នំចំនួន ១០០០យ៉េន ដែលបច្ចុប្បន្នត្រូវបានស្នើសុំឱ្យបង់ប្រាក់ដោយស្ម័គ្រចិត្តក្នុងនាមគាំទ្រដល់ការថែរក្សាភ្នំ។

រដ្ឋាភិបាល​ខេត្ត​នឹង​បញ្ជូន​សេចក្តីព្រាង​ច្បាប់ ​ស្តី​ពី​ថ្លៃ​សេវា​ទៅ​សភា ក្នុង​ខែ​នេះ។ ថ្លៃសេវានឹងត្រូវបានប្រមូលនៅផ្លូវ Yoshida Trail នៅផ្នែកខាងខេត្ត យ៉ាម៉ាណាស៊ី នៃភ្នំហ្វូចី ដែលអាចចូលបានដោយឡានក្រុង និងតាក់ស៊ី ហើយពួកគេនឹងត្រូវបានប្រមូលជាមូលនិធិ នេះបើយោងតាមរដ្ឋាភិបាលខេត្ត៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top