លោក Mauricio Pochettino គ្រូបង្គោលក្លឹប Chelsea បានសារភាពថា តំណែងរបស់ខ្លួននៅក្នុងក្លឹបមិន សុវត្ថិភាពនោះទេ ដោយសារតែទម្រង់លេងរបស់ក្លឹបមិនសូវល្អមួយរយៈចុងក្រោយ។
Chelsea មួយរយៈចុងក្រោយចាញ់ផ្ទួនៗគ្នា ដោយកាលពីថ្ងៃអាទិត្យម្សិលមិញ ក្លឹបនេះចាញ់ក្លឹប Wolves ក្នុងលទ្ធផល ៤ ទល់នឹង ២ ដែលបណ្ដាលឱ្យតោខៀវមានមូលដ្ឋាននៅរាជធានីឡុងដុង មួយនេះធ្លាក់ដល់លេខ ១១ នៅតារាងក្របខ័ណ្ឌកំពូលអង់គ្លេស Premier League។
ក្រោយចាញ់ Wolves លោក Pochettino បាននិយាយថា៖ «យើងមិនសូវល្អទេនៅថ្ងៃនេះ ហើយខ្ញុំខ្លួនឯងជាអ្នកទទួលខុសត្រូវ [លើទម្រង់លេង]»។ លោកបានបន្ថែមថា៖ «យើងមិនអាចគ្រប់គ្រងស្ថានការណ៍បានល្អ ហើយប្រាកដណាស់ គ្មាននរណានៅសុខនោះទេ»។
ទាក់ទិននឹងរឿងនេះដែរ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Goal ខាងថ្នាក់ដឹកនាំ Chelsea ចង់បញ្ចប់មុខតំណែងរបស់គ្រូបង្គោលជនជាតិអាហ្សង់ទីនរូបនេះ។ ប្រភពខាងលើបានឱ្យដឹងថា Chelsea ចង់បានលោក Xabi Alonso ជនជាតិអេស្ប៉ាញ ដែលកំពុងដឹកនាំក្លឹបអាល្លឺម៉ង់ Bayer Leverkusen បានយ៉ាងល្អ ដោយមិនស្គាល់ពាក្យថាចាញ់ទេ នៅក្នុងរដូវកាលនេះ៕