បរទេស ៖ យោងតាមការ ចេញផ្សាយរបស់កាសែត រ៉យទ័រ បានរាយការណ៍ កាលពីថ្ងៃពុធថា ក្រុមសកម្មប្រយុទ្ធហាម៉ាស់ បានចេញនូវសំណើតបតមួយ ដែលបានរៀបចំឡើង ដើម្បីនាំមកនូវការបញ្ចប់ជាអចិន្ត្រៃយ៍ នៃជម្លោះនៅក្នុងតំបន់ហ្គាហ្សា។
គំនិតផ្តួចផ្តើមនេះ គឺជាការឆ្លើយតបទៅនឹងផែនការ បទឈប់បាញ់ដែលចេញ កាលពីសប្តាហ៍មុនដោយអ្នកសម្របសម្រួល មកពីប្រទេសអេហ្ស៊ីប និងកាតា ដែលត្រូវបានគាំទ្រ ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ។
សេចក្តីព្រាង នៃផែនការ ក្រុមហាម៉ាស ដែលឃើញដោយទីភ្នាក់ងារ សារព័ត៌មាន បានស្នើបទឈប់បាញ់រយៈពេល៣ ដំណាក់កាល សម្រាប់រយៈពេល១៣៥ថ្ងៃ ដែលនឹងឈាន ដល់ការបញ្ចប់អរិភាព និងការដកកងកម្លាំងអ៊ីស្រាអែល។
ដំណាក់កាលដំបូង នឹងឃើញ ក្រុមសកម្មប្រយុទ្ធហាម៉ាស ដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ដែលនៅសល់ពីហ្គាហ្សា ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន រហូតដល់១៥០០នាក់ ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសអ៊ីស្រាអែល។
គួរឲ្យដឹងដែរថា ផែនការរបស់អ៊ីស្រាអែល ដែលបានបញ្ជូនកាលពីខែមុនបានអំពាវនាវ ឱ្យមានបទឈប់បាញ់ រយៈពេលប្រាំមួយសប្តាហ៍ និងការផ្លាស់ប្តូរចំណាប់ខ្មាំង បន្តិចម្តងៗសម្រាប់អ្នកទោសប៉ាឡេស្ទីន៕
ប្រែសម្រួល៖ស៊ុនលី
AFP