SANAA៖ ក្រុមឧទ្ទាម ហួធី “Houthi” នៅក្នុងប្រទេស យ៉េមែន បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនបានបើកការវាយប្រហារ ទៅលើទីក្រុងមួយ របស់ប្រទេសអ៊ីស្រាអ៊ែល នាវាដឹកទំនិញរបស់អង់គ្លេស និងនាវាចម្បាំង របស់សហរដ្ឋអាមេរិក នៅក្នុងអ្វីដែលខ្លួនហៅថា ជាការឆ្លើយតបទៅនឹង “ការឈ្លានពានរបស់អាមេរិក-អង់គ្លេស” ប្រឆាំងនឹង យ៉េមែន និងការគាំទ្រ របស់ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ។
លោក Yahya Sarea អ្នកនាំពាក្យយោធា ហួធី បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្សាយដោយទូរទស្សន៍ al-Masirah របស់ក្រុមនេះថា ការវាយប្រហារជាលើកដំបូងបានកំណត់គោលដៅទីក្រុង Eilat របស់អ៊ីស្រាអ៊ែល ដោយមីស៊ីលផ្លោង និងយន្តហោះគ្មានមនុស្សបើក ។
កងទ័ពអ៊ីស្រាអ៊ែល បានឲ្យដឹងថា ខ្លួនបានស្ទាក់ចាប់គ្រាប់មីស៊ីលពីដែនសមុទ្រក្រហមឆ្ពោះទៅកាន់ទីក្រុង Eilat កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអ៊ែល បានដកស្រង់សម្តីមន្ត្រីអ៊ីស្រាអ៊ែល ដែលបានលើកឡើងថា គ្រាប់មីស៊ីលនេះគឺ “ជាក់ស្តែង” បាញ់ដោយក្រុម ហួធី ប្រាកដមែន ។
លោក Sarea បានបញ្ជាក់ថា ការវាយប្រហារលើកទី២នោះ គឺបានវាយប្រហារមកលើនាវាដឹកទំនិញដែលគ្រប់គ្រងដោយចក្រភពអង់គ្លេសឈ្មោះ MV Islander នៅឈូងសមុទ្រ អាដែន (Aden) ជាមួយនឹងមីស៊ីល បាញ់ដោយកងទ័ពជើងទឹក បណ្តាលឱ្យឆេះនៅលើនាវានោះ ។ លោកបានបន្តថា ការវាយប្រហារលើកទី៣វិញ គឺបានកំណត់គោលដៅ ទៅលើនាវាពិឃាតទ័ពជើងទឹករបស់សហរដ្ឋអាមេរិក នៅសមុទ្រក្រហមជាមួយ នឹងយន្តហោះគ្មានមនុស្សបើក ។
ចំណែក ទីបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិកវិញ បានបញ្ជាក់នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថាយ៉ាងដូច្នេះ ខ្លួនបានបាញ់ទម្លាក់យន្តហោះ គ្មានមនុស្សបើករបស់ក្រុម ហួធី ចំនួន៦នៅក្នុងដែនសមុទ្រក្រហម ដែលទំនងជាសំដៅទៅលើនាវាចម្បាំងរបស់សហរដ្ឋអាមេរិក និងក្រុមចម្រុះ និងបង្ក “ការគំរាមកំហែងភ្លាមៗ” ផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា