ភ្នំពេញ ៖ លោក ដួង មាសចំរើន ប្រធានសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត និងលោក Jayalal Rathnasooriya ជាគ្រូឧទ្ទេស ផ្នែកបណ្តុះបណ្ដាល គ្រូបង្វឹកកីឡា អត្តពលកម្មអន្តរជាតិ មកពីប្រទេសស្រីលង្កា នាព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញ បើកវគ្គបណ្ដុះបណ្ដាលសាមគ្គីអូឡាំពិក ស្ដីពី គ្រូបង្វឹក កីឡាអត្តពលកម្ម CECS កម្រិត១ ដែលទទួលបានការឧបត្តម្ភពី អង្កការសាមគ្គី អូឡាំពិកអន្តរជាតិ (OS)នៅសាលប្រជុំ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា(NOCC) ។
លោក ដួង មាសចំរើន បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាល សាមគ្គីអូឡាំពិក ស្ដីពី គ្រូបង្វឹក កីឡាអត្តពលកម្ម CECS កម្រិត១ រៀបចំដោយគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) សហការជាមួយសហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត ។ វគ្គនេះមានសិក្ខាកាម មកពីតាមបណ្តាក្លិបរាជធានីខេត្តចំនួន១១ សមាគមន៍ កីឡាចំនួន២ និងមានគរុសិស្ស កំពុងតែសិក្សានៅវិទ្យាស្ថានជាតិអប់រំកាយ និង កីឡា ។
មានរយៈពេល១០ថ្ងៃ ពោលគឺ ចាប់ពី ថ្ងៃទី ១១-២០ ខែមីនា ឆ្នាំ២០២៤ លោក Jayalal Rathnasooriya ជាគ្រូឧទ្ទេសផ្នែកបណ្តុះ បណ្ដាលគ្រូបង្វឹក កីឡាអត្តពលកម្ម អន្តរជាតិ មកពី ប្រទេសស្រីលង្កា លោកជាគ្រូឧទ្ទេស ជ្រើសរើសចាត់ តាំងដោយមជ្ឈមណ្ឌលបណ្តុះ បណ្តាលកីឡាអត្តពលកម្ម ប្រចាំតំបន់អាស៊ី ជាអ្នកបង្រៀនផ្ទាល់ ។
លោកប្រធានបន្តថា ក្នុងនាមគណៈអធិបតីជាប្រធានសហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត ខ្ញុំសូមគោរពជម្រាបជូនដល់សមាជិក ប្រតិបត្តិ ប្អូនៗ ក្មួយៗ លោកគ្រូ អ្នកគ្រូទាំងអស់បានចូលរួមក្នុងវគ្គបណ្តុះបណ្ដាលគ្រូបង្វឹក អន្តរជាតិកម្រិត១ បានសហការរៀបចំដោយសហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត ក្រោមការឧបត្តម្ភគាំទ្រពីអង្កការសាមគ្គីកីឡាអូឡាំពិកអន្តរជាតិ(OS) ដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាជាអ្នកសម្របសម្រួល មានរយៈពេល១០ថ្ងៃ ពីថ្ងៃទី១១ ដល់ ២០ ខែមីនា ឆ្នាំ២០២៤ មានអ្នកចូលរួមចំនួន២៤នាក់ ស្រីចំនួន៨នាក់។
អ្នកចូលរួម មានលោកគ្រូ-អ្នកគ្រូ អប់រំកាយ និងកីឡាមកពីតាមបណ្តាក្លឹបរាជធានីខេត្តចំនួន១១ សមាគមន៍ កីឡាចំនួន២ និងមានគរុសិស្ស ដែលកំពុងតែសិក្សានៅវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា ។ ខ្ញុំសូមថ្លែងអំណរគុណដល់ Mr Jayalal Rathnasooriya ជាគ្រូឧទ្ទេសផ្នែកបណ្តុះបណ្ដាល គ្រូបង្វឹកកីឡាអត្តពលកម្មអន្តរជាតិ មកពីប្រទេស ស្រីលង្កា លោកជាគ្រូឧទ្ទេស ដែលបានជ្រើសរើស ចាត់តាំងដោយមជ្ឈមណ្ឌល បណ្តុះបណ្តាលកីឡាអត្តពលកម្ម ប្រចាំតំបន់អាស៊ី ។
លោកប្រធានបន្ថែមទៀតថា គោលបំណង នៃវគ្គបណ្តុះបណ្តាលនេះដើម្បីបង្កើនធនធានគ្រូបង្វឹកថ្នាក់ជាតិ-អន្តរជាតិជាតម្រូវការចាំបាច់ សម្រាប់ចូលរួម ក្នុងការអភិវឌ្ឍន៍វិស័យ កីឡាអត្តពលកម្ម ការជ្រើសរើសអត្តពលិក រៀបចំការបង្វឹកហាត់ហាត់ដល់កីឡាករ -កីឡាការិនី នៅតាមបណ្តាសាលារៀន ក្លឹបទូទាំងរាជធានីខេត្តឲ្យមានធនធាន ដែលមានសមត្ថភាពខ្ពស់ ចូលរួមក្នុងការ ប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ។
ខ្ញុំសង្ឃឹមថា ក្នុងវគ្គបណ្តុះបណ្តាលនេះអ្នកចូលរួមទាំងអស់នឹងខិតខំប្រឹងប្រែងសិក្សា ស្វែងយល់នូវចំណេះដឹង បទពិសោធន៍ថ្មីៗទាំងទ្រឹស្តី និងអនុវត្តនៅលើទីលាន ដែលជាមូលដ្ឋាន និងជាទុនសម្រាប់ បំពេញការងារភារៈកិច្ចជាក់ស្តែង ហើយក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះលោកគ្រូអ្នកគ្រូ ប្អូនៗ ក្មួយៗ នឹងមាន សមត្ថភាពអាចយកទៅប្រើប្រាស់ ក្នុងការរៀបចំការបង្វឹកហាត់ថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ និងអាចបន្តចូលរួមក្នុងកម្រិត គ្រូបង្វឹកអន្តរជាតិផងដែរ ៕