HELSINKI៖ វិទ្យុជាតិអ៊ីស្លង់ RUV បានផ្សព្វផ្សាយឲ្យដឹងថា ផ្ទុះភ្នំភ្លើងបានចាប់ផ្តើមនៅចន្លោះតំបន់ Hagafell និង Stora Skogfell នៅលើឧបទ្វីប Reykjanes ដែលជាតំបន់មួយ នៅភាគនិរតីនៃប្រទេសអ៊ីស្លង់ កាលពីថ្ងៃសៅរ៍វេលាម៉ោង២០និង២៣នាទីម៉ោងសកល បន្ទាប់ពីមានសកម្មភាព រញ្ជួយដីរយៈពេលខ្លី ។
នៅមុនការផ្ទុះភ្នំភ្លើងនេះដែរ ការិយាល័យឧតុនិយមអ៊ីស្លង់ បានចេញសេចក្តីប្រកាស ស្តីពីការកើនឡើង នៃសកម្មភាពរញ្ជួយដីនៅក្នុងតំបន់នេះ រួមជាមួយនឹងការប្រែប្រួល សណ្ឋានដីផងដែរ ។
គេហទំព័រព័ត៌មានរបស់ Iceland Monitor បានផ្សព្វផ្សាយថា ការផ្ទុះនេះគឺស្ថិតនៅទីតាំងស្រដៀងគ្នាទៅនឹងការផ្ទុះ២លើកចុងក្រោយ ដែលបានកើតឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២៤ និងខែធ្នូ ឆ្នាំ ២០២៣ ។ ការជម្លៀសពលរដ្ឋរស់នៅតំបន់ Grindavik ដែលជាទីប្រជុំជនស្ថិត នៅលើឆ្នេរសមុទ្រភាគខាងត្បូង នៃឧបទ្វីប Reykjanes បានធ្វើការជម្លៀសចេញរួចហើយដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា