ព័ត៌មានអន្តរជាតិ

ទីក្រុងម៉ូស្គូ ថ្កោលទោស ជំហរអរិភាព របស់អភិបាល ក្រុងប៉ារីស លើអត្តពលិកអូឡាំពិក

RT News

រុស្ស៊ី ៖ អ្នកនាំពាក្យក្រសួង ការបរទេសរុស្ស៊ី បានព្រមាន កាលពីថ្ងៃអាទិត្យថា ទីក្រុងមូស្គូអាចនឹងធ្វើពហិការ មិនទទួលយកទំនិញ បារាំងមួយចំនួននោះឡើយ បន្ទាប់ពីអភិបាល ក្រុងប៉ារីសលោកស្រី Anne Hidalgo បាននិយាយថា អត្តពលិករុស្ស៊ី និងបេឡារុស្ស មិនត្រូវបានគេស្វាគមន៍ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក នាពេលខាងមុខនោះទេ ។

លោកស្រី Maria Zakharova បានសរសេរកាលពីថ្ងៃអាទិត្យនៅលើ Telegram របស់លោកស្រីថា តើអ្នកគិតថា ប្រហែលជាយើងគួរយកផលិតផលបារាំងមួយចំនួន ដែលឥឡូវតំណាងយ៉ាងទូលំទូលាយនៅក្នុងប្រទេសរុស្ស៊ី ហើយប្រកាសថា ‘ពួកគេនឹងមិនត្រូវបានស្វាគមន៍’ ទេ? ។

អភិបាលក្រុងនៃរដ្ឋធានីបារាំង គ្រោងនឹងធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកក្នុងខែកក្កដា និងសីហា បានធ្វើការអត្ថាធិប្បាយ កាលពីសប្តាហ៍មុនក្នុងដំណើរទៅកាន់ទីក្រុងគៀវ ជាកន្លែងដែលលោកស្រី បានទៅទស្សនាមជ្ឈមណ្ឌល ហ្វឹកហ្វឺនសម្រាប់អត្តពលិកអ៊ុយក្រែន ។

លោកស្រី បានបន្តថា ខ្ញុំចង់ប្រាប់អត្តពលិករុស្ស៊ី និងបេឡារុស្សថា ពួកគេមិនត្រូវបានស្វាគមន៍នៅទីក្រុងប៉ារីសឡើយ ទោះបីជាកីឡាករ-កីឡាការិនីមកពីប្រទេសទាំង ២ ត្រូវបានអនុញ្ញាតជាផ្លូវការឲ្យចូលរួមជាអព្យាក្រឹតក៏ដោយ។ ឆ្លើយតបនឹងពាក្យ របស់អភិបាលក្រុង Zakharova បានកត់សម្គាល់ថា ប្រទេសរុស្ស៊ីមានជម្រើសដ៏ធំ ដែលអាចប្រើជំនួសផលិតផល បារាំងមួយចំនួន ។

លោកស្រីបានព្យាករថា ប្រសិនបើមានការថ្លែង បែបនេះបន្ថែមទៀតនៅទីក្រុងប៉ារីស អ្នកតំណាងអាជីវកម្មបារាំង នឹងសម្រុកចូល សាលាក្រុងប៉ារីស ដោយដើរតាមកសិករ ។ ជាក់ស្តែង នាងសំដៅទៅលើកម្មករ កសិកម្មប្រមូលផ្តុំគ្នា ប្រឆាំងនឹងការកើនឡើងថ្លៃដើម ពន្ធ និងបទប្បញ្ញត្តិ ដ៏តឹងរឹងរបស់សហភាពអឺរ៉ុប។ នៅចុងខែកុម្ភៈ កសិករដែលតវ៉ាបាន សម្រុកចូលពិព័រណ៍ កសិដ្ឋានដ៏ធំនៅទីក្រុងប៉ារីស មុនពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Emmanuel Macron ដោយមានមនុស្សជាច្រើនបានអំពាវនាវឲ្យលាលែងពីតំណែង។
បន្ទាប់ពីការចាប់ផ្តើមនៃជម្លោះអ៊ុយក្រែនកាលខែកុម្ភៈឆ្នាំ ២០២២ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានផ្តល់អនុសាសន៍ថា អត្តពលិកមកពីប្រទេសរុស្ស៊ី និងសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួន បេឡារុស្សមិនគួរ ត្រូវបានអនុញ្ញាត ឲ្យចូលរួមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍អន្តរជាតិ ។ កាលពីខែធ្នូឆ្នាំមុន ស្ថាប័ននេះ បានសម្រេចថា ចំនួនមានកំណត់ នៃមនុស្សមកពី ប្រទេសទាំង ២ អាចចូលរួមក្នុងកីឡាអូឡាំពិកក្នុងនាមជា AINs (អត្តពលិកអព្យាក្រឹតបុគ្គល) ។

នេះបើតាមលោក James Macleod នាយក IOC ថា កាលពីដើមខែនេះ ស្ថាប័នអន្តរជាតិ បានប្រកាសថាចំនួន អតិបរមានៃជនជាតិរុស្សីអាចមានសិទ្ធិចូលរួមការប្រកួតកីឡាប៉ារីសគឺ ៥៥ នាក់ ខណៈបេឡារុស្សត្រូវ បានកំណត់ត្រឹម ២៨ អត្តពលិក។ ទោះយ៉ាងណាក៏ដោយ ក្រុមទំនងជាមិនអាច បំពេញតាមកូតាបានទេ ដោយមានអត្តពលិករុស្សី ៣៦ នាក់ និងបេឡារុស្ស ២២ នាក់រំពឹងថានឹងអាចចូលរួមក្នុងការប្រកួតនេះ ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការសម្រេចចិត្តរបស់ IOC បំផ្លាញឧត្តមគតិអូឡាំពិក និងរើសអើងប្រឆាំងនឹងផលប្រយោជន៍ របស់កីឡាករអូឡាំពិក។ លោកបានបន្ថែមថា ការរឹតបន្តឹងនេះគឺផ្ទុយស្រឡះ ទៅនឹងមនោគមវិជ្ជាទាំងមូលនៃចលនាអូឡាំពិក៕
ដោយ៖លី ភីលីព

Most Popular

To Top