ភ្នំពេញ ៖ លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាលថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៤ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីប្រគល់ចំណាត់ថ្នាក់ និងជយលាភី ដល់ក្រុមកីឡាករ-កីឡាការិនីកង់ដៃត្រង់ ដែលបានប្រព្រឹត្តទៅនៅសួនច្បារ មាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ការប្រកួតប្រណាំងកង់ដៃត្រង់ ធ្វើឡើងដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ នៅក្រុងតាខ្មៅ ខេត្តកណ្តាល រដ្ឋបាល ខេត្តកណ្ដាល និងមន្ទីរអប់រំកាយ និងកីឡាខេត្ត បានរៀបចំឲ្យមានការប្រកួត ៤ ប្រភេទ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាមួយព្រឹត្តិការណ៍សង្ក្រាន្ត ខេត្តកណ្ដាល នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ។
បច្ចុប្បន្នប្រជាជន ទាំងចាស់ ទាំងក្មេងបាន និងកំពុងចាប់អារម្មណ៍ លើសកម្មភាពហាត់ប្រាណ និងលេងកីឡា ដើម្បីសុខភាពផ្ទាល់ ឯយុវជនវិញ បានចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពកីឡា ពិសេសថ្មីៗនេះ ។
ដោយឡែកខេត្តកណ្ដាល វិស័យកីឡា ត្រូវបានយកចិត្តទុកដាក់ជំរុញ ឲ្យមានការប្រកួតពីសំណាក់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សម្រាប់ថ្នាក់ខេត្ត យើងបានរៀបចំការប្រកួតកីឡាមហាជន កីឡាសិស្សបឋមសិក្សា មធ្យមសិក្សា បាល់ទាត់យុវជន បាល់ទាត់នារី ជ្រើសរើសជើងឯកខេត្ត ជារៀងរាល់ឆ្នាំ ដែលនេះបង្ហាញ ឲ្យឃើញនូវការគាំទ្រវិស័យកីឡា ពីសំណាក់ប្រជាពលរដ្ឋ ក្នុងខេត្ត ពិសេសក្រុម យុវជនក្មេងៗ ៕
ដោយ៖លី ភីលីព