ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បន្តបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ចូលក្នុងសមុទ្រ តំបន់សេដ្ឋកិច្ចពិសេសរបស់ជប៉ុន

Kyodo

បរទេស៖ យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងនៅថ្ងៃចន្ទនេះ គឺបានបាញ់មីស៊ីលផ្លោង “ជាច្រើនគ្រាប់” ឆ្ពោះទៅកាន់សមុទ្រ ពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ការប្រកាសពីការប្រុងប្រយ័ត្នរបស់រដ្ឋាភិបាលជប៉ុន និងឆ្មាំឆ្នេររបស់ខ្លួនក៏បាននិយាយដែរថា កូរ៉េខាងជើងបានបាញ់មីស៊ីលដែលទំនងជាមីស៊ីលផ្លោងបាលីស្ទិក។

ទូរទស្សន៍ NHK របស់ជប៉ុន បានផ្សាយថា មីស៊ីលនេះទំនងជាបានធ្លាក់នៅក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។ ចំណែកទូរទស្សន៍ NTV របស់ប្រទេសជប៉ុនផ្សាយដោយបានលើកឡើងពីមន្ត្រីរដ្ឋាភិបាលជប៉ុនម្នាក់ថា មីស៊ីលនេះគឺជាមីស៊ីលផ្លោងរយៈចម្ងាយខ្លី ។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់បង្ហោះនូវអ្វីដែលខ្លួនសង្ស័យថាជាមីស៊ីលផ្លោងរយៈចម្ងាយជិតជាច្រើនគ្រាប់ពីជិតរដ្ឋធានីព្យុងយ៉ាង ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។

របាយការណ៍នៃការបាញ់បង្ហោះនេះបានកើតឡើងនៅពេលដែលកូរ៉េខាងត្បូងបាននិយាយថា មន្ត្រីយោធាកំពូលរបស់ខ្លួនគឺឧត្តមនាវីឯក Kim Myung-soo បានរៀបចំពិធីជួបជាមួយមេបញ្ជាការនៃទីបញ្ជាការអវកាសសហរដ្ឋអាមេរិក ឧត្តមសេនីយ Stephen Whiting នៅថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីការអភិវឌ្ឍន៍ផ្កាយរណបឈ្លបយកការណ៍របស់កូរ៉េខាងជើង និងកិច្ចសហប្រតិបត្តិការយោធាដែលកំពុងកើនឡើងរវាងទីក្រុងព្យុងយ៉ាង និង ទីក្រុងម៉ូស្គូ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top