បារីស៖តារាចម្រៀងស្រីដ៏ល្បីល្បាញនាង Lisa សមាជិកក្រុមចម្រៀងស្រីកូរ៉េខាងត្បូង Blackpink ត្រូវបានគេប្រទះឃើញដើរកម្សាន្តជាមួយលោក Frédéric Arnault កូនប្រុសរបស់មហាសេដ្ឋី លោក Bernard Arnault នៅសារមន្ទីរ Rodin ទីក្រុងប៉ារីស ប្រទេសបារាំង។
រូបថតដែលថតអ្នកទាំង ២ នាក់នៅសារមន្ទីរកាលពីថ្ងៃអាទិត្យដោយរីករាយជាមួយការ៉េមពេលកំពុងសន្ទនាត្រូវបានចែកចាយដោយគណនី Twitter។ រូបថតទាំងនោះបានបង្ហាញលោក Frédéric ញញឹម ពេលលោកងាកទៅនិយាយជាមួយតារាចម្រៀង Blackpink។
នាង Lisa ត្រូវបានគេឃើញជាញឹកញាប់ជាមួយលោក Frédéric ក្នុងប្រទេសផ្សេងៗពេញមួយឆ្នាំ ២០២៣ និងរហូតដល់ឆ្នាំនេះ បណ្តាលឲ្យមានការមិនពេញចិត្តមួយចំនួនក្នុងចំណោមអ្នកគាំទ្ររបស់នាង។ មនុស្សជាច្រើនបានបង្ហាញនៅលើ Twitter ថា ពួកគេប្រាថ្នាចង់ឲ្យនាងផ្តោតលើអាជីពចម្រៀងរបស់នាងបន្ថែមទៀត។
អ្នកខ្លះបានប៉ាន់ស្មានថា ភាពជិតស្និតរបស់នាងជាមួយអ្នកស្នងមហាសេដ្ឋី អាចត្រូវបានផ្សារភ្ជាប់ទៅនឹងគុណសម្បត្តិមួយចំនួន ដូចដែលបានលើកឡើងដោយការចូលរួមថ្មីៗរបស់នាងក្នុងបណ្តាប្រទេសអ៊ឺរ៉ុប រួមទាំងយុទ្ធនាការផ្សាយពាណិជ្ជកម្មថ្មីសម្រាប់ម៉ាកសម្លៀកបំពាក់ Bvlgari ផងដែរ។
ការមើលឃើញអំពីទំនាក់ទំនងជិតស្និទ្ធរបស់នាង Lisa ជាមួយលោក Frédéric កាន់តែខ្លាំងឡើង បន្ទាប់ពីអ្នកស្នងមរតកមហាសេដ្ឋីបានចាប់ផ្តើមតាមដាននាងនៅលើ Instagram ក្នុងឆ្នាំ ២០២២ ហើយបានទាក់ទងគ្នាជាប្រចាំជាមួយនឹងការបង្ហោះរបស់នាង។ មកដល់ពេលនេះ ភាគីទាំង ២ មិនបានចេញសេចក្តីថ្លែងការណ៍ណាមួយទាក់ទងនឹងការរំពឹងទុកអំពីទំនាក់ទំនងរបស់ពួកគេឡើយ។
នាង Lisa កើត Pranpriya Manoban នៅប្រទេសថៃ ហើយបច្ចុប្បន្នមានអាយុ ២៧ ឆ្នាំបានចូលរួមជាមួយក្រុមចម្រៀងស្រីកូរ៉េខាងត្បូង Blackpink ក្នុងឆ្នាំ ២០១៦។ នាងបានចាប់ផ្តើមអាជីពទោលរបស់នាងជាមួយនឹងអាល់ប៊ុម “Lalisa” ក្នុងឆ្នាំ ២០២១ ហើយបានសម្រេចបានជោគជ័យជាសិល្បករ K-pop ដំបូងដែលទទួលបានការស្ទ្រីមជាង១ ពាន់លាននៅលើ Spotify ជាមួយនឹងបទចម្រៀង “Money” របស់នាង។
បន្ថែមពីលើអាជីពតន្ត្រីរបស់នាង Lisa បានបង្កើតឈ្មោះសម្រាប់ខ្លួននាងនៅក្នុងឧស្សាហកម្មម៉ូដដោយបម្រើជាឯកអគ្គរដ្ឋទូតពិភពលោកសម្រាប់ម៉ាកប្រណីតល្បី ៗ រួមទាំង Celine និង Bulgari ។ ឥទ្ធិពលរបស់នាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមគឺមានសារសំខាន់ ដោយមានអ្នកតាមដាន ១០០លាននាក់គួរឲ្យចាប់អារម្មណ៍នៅលើ Instagram ។
លោក Frédéric អាយុ ២៩ ឆ្នាំ បច្ចុប្បន្នកាន់តំណែងជានាយកប្រតិបត្តិនៃផ្នែកនាឡិកានៅក្រុមហ៊ុន LVMH ម៉ូដប្រណីតរបស់ឪពុកលោក ដោយគ្រប់គ្រងម៉ាកយីហោដូចជា Hublot, TAG Heuer និង Zenith ។
យោងតាមទស្សនាវដ្ដី Forbes ថា គិតត្រឹមថ្ងៃទី ៣០ ខែមេសា លោក Bernard និងក្រុមគ្រួសាររបស់លោកត្រូវបានគេដាក់ឈ្មោះថា ជាអ្នកមានបំផុតក្នុងពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិប៉ាន់ស្មានចំនួន ២១០ .១ ពាន់លានដុល្លារ។
ទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់នៃគ្រួសារ Arnault មានដើមកំណើតមកពី LVMH រួមមានម៉ាកល្បីៗល្បីៗដូចជា Christian Dior, Fendi, Loewe, Celine និង Bulgari ជាដើម៕ ៧.
ដោយ៖លី ភីលីព