ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន បានចោទប្រកាន់សហរដ្ឋអាមេរិក ពីបទ “បង្ខិតបង្ខំសេដ្ឋកិច្ច” ជុំវិញការដកហូតអាជ្ញាប័ណ្ណនាំចេញ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីបទៅឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei ។
អ្នកនាំពាក្យរបស់ក្រសួងបានឲ្យដឹងនៅក្នុងការឆ្លើយតបទៅនឹងការស៊ើបអង្កេតរបស់ប្រព័ន្ធផ្សព្វផ្សាយថា សហរដ្ឋអាមេរិក បានធ្វើទូទៅនូវគោលគំនិតនៃសន្តិសុខជាតិ បញ្ហាសេដ្ឋកិច្ចនយោបាយ និងបានរំលោភលើវិធានការត្រួតពិនិត្យការនាំចេញ ដោយបានចាត់វិធានការម្តងហើយម្តងទៀត ដែលមិនសមហេតុផលប្រឆាំងនឹងសហគ្រាសចិនជាក់លាក់មួយ។
អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា ការរឹតបន្តឹងរបស់សហរដ្ឋអាមេរិកលើការនាំចេញផលិតផលបន្ទះឈីប សម្រាប់អ្នកប្រើប្រាស់ស៊ីវិលសុទ្ធទៅកាន់ប្រទេសចិន និងការអនុវត្តការកាត់ផ្តាច់ការផ្គត់ផ្គង់ដល់ក្រុមហ៊ុនចិនជាក់លាក់មួយតំណាងឱ្យករណីច្បាស់លាស់នៃការបង្ខិតបង្ខំសេដ្ឋកិច្ច។
អ្នកនាំពាក្យរូបនេះបានបន្ដថា វិធីសាស្រ្តនេះមិនត្រឹមតែបំពានច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ផលប្រយោជន៍របស់ក្រុមហ៊ុនអាមេរិកយ៉ាងធ្ងន់ធ្ងរផងដែរ។
លើសពីនេះ អ្នកនាំពាក្យបានចង្អុលបង្ហាញថា សកម្មភាពរបស់សហរដ្ឋអាមេរិកបានរំលោភបំពានយ៉ាងខ្លាំងលើការប្តេជ្ញាចិត្តនៃការមិនស្វែងរកការផ្តាច់ខ្លួនពីប្រទេសចិន និងមិនរារាំងដល់ការអភិវឌ្ឍន៍របស់ប្រទេសចិន ដោយបន្ថែមថាសកម្មភាពទាំងនេះក៏ផ្ទុយស្រឡះទៅនឹងការអះអាងរបស់សហរដ្ឋអាមេរិក ដែលកំណត់យ៉ាងជាក់លាក់នូវសន្តិសុខជាតិផងដែរ។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា ប្រទេសចិន នឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិន៕ ប្រែសម្រួល ឈូក បូរ៉ា