បើតាមកំណត់ត្រាពិភពលោក Guinness កាសែត Wiener Zeitung ជាកាសែតមានអាយុចំណាស់ជាងគេ ហើយនៅតែប្រកបអាជីវកម្ម ដល់បច្ចុប្បន្ន។ កាសែតនេះមានមូលដ្ឋាន នៅទីក្រុងវ្យែន ប្រទេសអូទ្រីស ហើយត្រូវបានបង្កើត ឡើងនៅឆ្នាំ១៧០៣។
កាសែតនេះបានក្លាយជា កាសែតផ្លូវការ របស់រដ្ឋាភិបាលអូទ្រីស តាំងពីឆ្នាំ១៨១០ រហូតដល់សម័យសាធារណរដ្ឋអូទ្រីស ក្នុងពេលបច្ចុប្បន្ន។
កាសែត Wiener Zeitung ឆ្នាំ១៩៤៥
កាលពីដើមឡើយ Wiener Zeitung រាយការណ៍ពីព័ត៌មានពាក់ព័ន្ធ នឹងស្ថានការណ៍អន្តរជាតិ និងតំបន់ ព្រមទាំងផ្សព្វផ្សាយពីអាពាហ៍ពិពាហ៍ និងការប្រសូតបុត្រ របស់ខ្សែរាជវង្ស និងពួកឥស្សរជនជាដើម ។ ក្រោយមកកាសែតនេះ ត្រូវបានប្រើប្រាស់ សម្រាប់ផ្សព្វផ្សាយពីប្រកាស ឬ សេចក្ដីថ្លែងការណ៍នានារបស់រដ្ឋាភិបាល។
តាមពិតទៅ កាសែតមានតាំងពីយូរយារណាស់មកហើយ គ្រាន់តែខ្លះមិនមាន ជីវិតដល់សព្វថ្ងៃ ហើយខ្លះទៀតមិនចំជាទម្រង់សារព័ត៌មាន៕