ភ្នំពេញ៖ លោក អ៊ុក សិទិ្ធជាតិ អគ្គនាយកកីឡា និងជាប្រធានសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត បានអញ្ជើញចូលរួមបើកវគ្គបណ្ដុះបណ្ដាល មន្រ្តីបច្ចេកទេសកីឡាអត្តពលកម្ម អន្តរជាតិកម្រិតទី១ របស់ខ្លួនរយៈពេល ៦ថ្ងៃ គឺពីថ្ងៃទី២០ ដល់២៥ ខែមករា ឆ្នាំ២០២០ វគ្គនេះបង្រៀនដោយសាស្រ្តាចារ្យ មកពីសហព័ន្ធអត្តពលកម្មអន្តរជាតិគឺលោក Chinetamby Suppish មកពីIAAF ។
លោក ហ៊ុន បូរី អគ្គលេខាធិការនៃ សហព័ន្ធបានប្រាប់ឲ្យដឹងថា វគ្គខាងលើកនេះមានសិក្ខាកាមចំនួន ២៤រូបមកពី១២ រាជធានី-ខេត្ត ក្រុងក្នុងនោះមានស្រី៧ រៀបចំដោយសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្តគាំទ្រ ពីសហព័ន្ធអត្តពលកម្មស្ម័គ្រចិត្តអន្តរជាតិ ក្រោមការឧបត្ថម្ភថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា។
លោក អ៊ុក សិទិ្ធជាតិ បានមានប្រសាសន៍ថា វគ្គនេះបើកឡើងគឺដើម្បីពង្រីសមត្ថភាព ដល់មន្រ្តីបច្ចេកទេសកីឡាអត្តពលកម្មកម្ពុជា ត្រៀមការប្រកួតជ្រើសរើស ជើងឯកថ្នាក់ជាតិ ជាពិសេសព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកីទ៣២ ដែលប្រទេសកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួត។ អត្តពលកម្មគឺជាប្រភេទកីឡា មូលដ្ឋានមួយដែគ្រប់ប្រទេសទាំងអស់ បើចង់ចូលរួមប្រកួតក្នុងGames ណាមួយបាននោះទាល់តែ មានប្រភេទកីឡាអត្តពលកម្ម និង ហែលទឹកបញ្ជូនទៅចូលរួមដែរ ។
វគ្គសិក្សាដែលមានទាំងទ្រឹស្ដី និង ការអនុវត្តន៍ប្រសិនបើសិក្ខាកាម រូបណាមានសមត្ថភាព ប្រឡងជាប់សញ្ញាប័ត្រកម្រិត១ (New Level 1 Coaching Course) នេះអាចនឹងសិក្សាបន្តទៅកម្រិត ២បានទៀត ។ នេះជាវគ្គមន្រ្តីបង្វឹកអត្តពលកម្មអន្តរជាតិមួយ ដែលសិក្ខាកាមត្រូវតែឆ្លងកាត់ការ ធ្វើតេស្តដើម្បីទទួលបានវិញ្ញាបនប័ត្រ ៕
ដោយ៖ លី ភីលីព