ភ្នំពេញ ៖ នាយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ លោក សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡាតំណាង ឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋ ជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជនបានអញ្ជើញស្វាគមន៍ក្រុមកីឡាករ-កីឡាការិនីប៉េតង់ ហែលទឹក និងកីឡាយូដូដែលបានត្រឡប់វិញ នៃព្រឹត្តិការណ៍កា រប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២១ (21st ASEAN University Games) នៅឥណ្ឌូណេស៊ីនៅ ព្រលានយន្តហោះអន្តរជាតិ ។
លោក សាមឺឌី ស៊ីវឌ្ឍនា បានមានប្រសាសន៍ថា នាថ្ងៃនេះក្រុមប្រតិភូ គ្រូបង្វឹក និង ក្រុមកីឡាករ-កីឡាការិនីលើ ៣ ប្រភេទកីឡារួមមាន ប៉េតង់ ហែលទឹក និងកីឡាយូដូ ដែលបានដណ្តើមមេដាយចំនួន ៥ គ្រឿង ក្នុងនោះមេដាយមាស ១ គ្រឿង មេដាយប្រាក់ ២ គ្រឿង និង មេដាយសំរិទ្ធ ២ គ្រឿង ហើយនេះជាលទ្ធផល នៃការខិតខំប្រឹងប្រែង របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំប្រកប ដោយគតិបណ្ឌិតខ្ពស់ ដែលជំរុញចលនាកីឡា ឲ្យមានគុណផលកីឡា បន្ថែម ដើម្បីត្រៀមខ្លួនឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះនៃការប្រកួត “កីឡាយុវជនអាស៊ី (Asian Youth Games)” ឆ្នាំ២០២៩ ដែលព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តិការណ៍ដ៏មហាអស្ចារ្យ និងជាប្រវត្តិសាស្រ្តមួយនេះ ។
លោកបានបន្តថា ទន្ទឹមនឹងនោះផងដែរ ដើម្បីឲ្យវិស័យកីឡាទទួលបានជោគជ័យបន្ថែមទៀត ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តសហការឲ្យកាន់តែល្អប្រសើរថែមទៀត ជាមួយសមាគម ក្លឹបកីឡា នៅតាមសាកលវិទ្យាល័យសាធារណៈ និងឯកជន សមាគមកីឡានៅតាមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងសហព័ន្ធកីឡាជាតិទាំងអស់លើការងារគ្រប់គ្រង ការងារបណ្តុះបណ្តាល ការកសាងហេដ្ឋរចនាសម្ព័ន្ធកីឡា និងការប្រកួតដើម្បីពង្រឹងគុណភាព ប្រសិទ្ធភាព និងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជាឲ្យកាន់តែប្រសើរឡើង ។
លោរដ្ឋលេខាធិការ បានបន្ថែមទៀតថា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡាសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់គ្រូបង្វឹក និងក្រុមកីឡាករ-កីឡាការិនីបានប្រែងប្រឹងប្រកួតប្រជែងដណ្តើមមេដាយជូនប្រទេសជាតិ។
ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា សូមលើទឹកចិត្តឲ្យកីឡាករ-កីឡាការិនី ទំាងអស់ ដែលមានកាយសម្បទារឹងម៉ាំ ជាពិការភាព ឬមិនពិការភាព សូមខិតខំប្រឹងប្រែងលេងកីឡា ដើម្បីលើកស្ទួយកីឡា ថ្នាក់ជាតិឲ្យល្អរីកចម្រើន ជាពិសេសលើកទឹកចិត្តឲ្យលេងកីឡាដើម្បីសុខភាព និងបង្កើនសមត្ថភាព គ្រប់ប្រភេទកីឡាទំាងអស់គ្នា ក្នុងប្រទេសកម្ពុជា៕
ដោយ៖លី ភីលីព