កីឡា

មក​ដឹង​ពី​ប្រវត្តិអង់គ្លេស និង​អេស្ប៉ាញ ក្នុង​ពានអឺរ៉ូ

អង់គ្លេស និង​អេស្ប៉ាញ​នឹង​ត្រូវ​ប៉ះ​គ្នា ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ​នៃ​ព្រឹត្តិការណ៍​បាល់ទាត់​អឺរ៉ុប UEFA Euro 2024។ នៅ​ថ្ងៃ​នេះ ចង់​បង្វែរ​ចំណាប់​អារម្មណ៍​ប្រិយមិត្ត​មក​ដឹង​ពីកំណត់ត្រារបស់​ក្រុម​ជម្រើស​ជាតិ​ ទាំង​ពីរ​នៅ​ក្នុង​ឆ្នាំ២០២៤ និង​ប្រវត្តិ​នៅ​ក្នុង​អឺរ៉ូ​នា​ពេល​កន្លង​មក ។

ជា​រឿង​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដែរ​នៅ​ក្នុង​ឆ្នាំ២០២៤នេះ ក្រុម​ជម្រើស​ជាតិ​នៃ​ប្រទេស​ទាំង​ ២ នៅ​មិន​ទាន់​ចាញ់​នៅ​ឡើយ​ទេ។ អង់គ្លេស​ស្ថិត​នៅ​ក្នុង​ពូល C ដោយ​ស្មើ ២ដង និង​ឈ្នះ​តែ​ម្ដង​ប៉ុណ្ណោះ។ លុះ​ដល់​វគ្គ​ចាញ់​ធ្លាក់ អង់គ្លេស​ឈ្នះ ២ដង (នៅ​វគ្គ ១៦ក្រុម និង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ) និង​ស្មើ​ម្ដង​ ហើយ​ឈ្នះ​បាល់​ប៉េណាល់ទី​ ពេល​ប៉ះ​ស្វីស​។

ចំណែក​ឯ​អេស្ប៉ាញ​វិញ ក្រុម​ជម្រើស​ជាតិ​នេះ ​ឈ្នះ​គ្រប់​ប្រកួត​តែ​ម្ដង តាំង​ពី​វគ្គ​ចែក​ពូល ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។
ក្រឡេក​មក​មើល​កំណត់ត្រា ​ជា​ប្រវត្តិសាស្ត្រ​វិញ អេស្ប៉ាញ​ឈ្នះ​ពាន​អឺរ៉ូ ៣ដងគឺ​នៅ​ឆ្នាំ១៩៦៤ ឆ្នាំ២០០៨ និង​ឆ្នាំ២០១២។ ក្រុម​ជម្រើស​ជាតិ​នេះ​ធ្លាប់​ជាប់​លេខ ២ កាល​ពី​ឆ្នាំ១៩៨៤។ ក្រៅ​ពី​នេះ ក្រុម​នេះ​មិន​ជាប់​នៅ​ព្រឹត្តិការណ៍​អឺរ៉ូ​តែ​ម្ដង​ចំនួន ៥ដង ដោយ​សុទ្ធ​តែ​នៅ​មុន​សតវត្ស​ទី២១ ហើយ​ក្រៅ​ពីនោះធ្លាប់​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល ៣ដង វគ្គ​៨ក្រុម​ចុង​ក្រោយ ២ដង និង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ម្ដង​នៅ​ឆ្នាំ២០២០។

ចំណែក​ឯអង់គ្លេស​វិញ មិន​ដែល​លើក​ពាន​នេះ​ម្ដងទេ។ នៅ​មុន​ឆ្នាំ២០២៤នេះ អង់គ្លេស​​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រតែ​ម្ដង​គត់​នៅ​ឆ្នាំ២០២០ តែ​ពេល​នោះ​ចាញ់អ៊ីតាលី។ ក្រៅ​ពី​នេះ អង់គ្លេស​ឡើង​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ៤ដង (គិត​ទាំង ២០២០ និង​២០២៤) ហើយ​មាន​ម្ដង​នៅ​ឆ្នាំ១៩៦៨ អង់គ្លេស​ធ្លាប់​បាន​លេខ ៣។

ក្រៅ​ពី​នេះ ក្រុម​នេះ​មិន​ជាប់​វគ្គ​ជម្រុះ​ចំនួន ៥ដង ដោយ​លើក​ចុង​ក្រោយ​គឺ​នៅ​ឆ្នាំ២០០៨។ បន្ត​មក​ទៀត អង់គ្លេស​ធ្លាក់​នៅ​វគ្គ​ចែក​ពូល​ចំនួន ៣ដង វគ្គ ៨ក្រុម​ចំនួន ២ដង និង​វគ្គ ១៦ក្រុម​ម្ដង​នៅ​ឆ្នាំ២០១៦។ អង់គ្លេស​ប្រកាស​មិន​ចូល​រួម​អឺរ៉ូ​ម្ដង​ កាល​ពី​ឆ្នាំ១៩៦០ ដោយ​កាល​នោះ​បារាំង​ធ្វើ​ជា​ម្ចាស់​ផ្ទះ៕

Most Popular

To Top