សិល្បៈ និង កម្សាន្ត

ប្រតិភូកីឡារាំកម្ពុជា បាននាំយកមេដាយ ជាច្រើនគ្រឿង ពីការប្រកួតអន្តរជាតិ នៅវៀតណាម

ភ្នំពេញ ៖ ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុប ២២នាក់ បានវិលត្រឡប់ តាមរថយន្តក្រុង មកដល់មាតុប្រទេសវិញ កាលពីព្រលប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ក្រោយឈ្នះមេដាយសរុប១៧គ្រឿង ពីការប្រកួតអន្តរជាតិ នៅប្រទេសវៀតណាម ដោយទទួលស្វាគមន៍ យ៉ាងកក់ក្តីពីលោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ តំណាងលោកស្រី ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

លោក សូវ តុង ប្រធានប្រតិភូបាននិយាយថា មេដាយសរុបចំនួន១៧គ្រឿង របស់កម្ពុជា ដែលដណ្តើមបាននេះ ក្នុងនោះមេដាយមាស៤ ប្រាក់៦ និងសំរឹទ្ធ៧គ្រឿង ហើយអត្តពលិកកម្ពុជា ក៏បានជាប់ចំណាត់ថ្នាក់លេខ៤ លេខ៥ និងលេខ៦ ក៏ទទួលបានលិខិតសរសើរ ។ បើទោះបីជានេះ ជាសមិទ្ធផលមេដាយ កើតចេញពីការខិតខំប្រឹងប្រែង របស់កីឡាករ-កីឡាការិនីរាំកម្ពុជា យកមកជូនជាតិ ពីព្រឹត្តិការណ៍អន្តរជាតិ នៅប្រទេសវៀតណាម មាន ២៦ ប្រទេសចូលរួម ក៏លោកមើលឃើញ ពីចំណុចខ្វះខាតមួយចំនួន ដែលយើងត្រូវបន្តការខិតខំហ្វឹកហាត់ ឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីសម្រួចឆ្ពោះទៅចូលរួមការប្រកួតអន្តជាតិនានា នាពេលខាងមុខ ជាពិសេសគោលដៅចូលរួមប្រកួតកីឡា SEA GAME លើកទី៣៣ នាឆ្នាំ២០២៥ខាងមុខ នៅប្រទេសថៃ ។

លោក សូវ តុង បានបន្ថែមថា បើទោះបីជាបេសកកម្មអន្តរជាតិ របស់កម្ពុជា នាពេលនេះបានជួបការខ្វះខាតថវិកាក្តី ក៏យើងនៅតែប្រឹងប្រែង ចូលរួមប្រកួតអស់ពីលទ្ធភាព ដើម្បីប្រទេសជាតិរបស់យើង ឱ្យមានកិត្តិយស កុំឱ្យចាញ់ប្រទេសជុំវិញយើង ។ សហព័ន្ធកីឡារាំកម្ពុជា ត្រូវបានបង្កើតឡើងក្រោយគេ ប៉ុន្តែទឹកចិត្តរបស់យើងទាំងអស់គ្នាត្រូវតែតស៊ូធ្វើឱ្យបានល្អ ដោយលះបង់ទាំងពេលវេលា ថវិកា របស់អាណាព្យាបាល និងកីឡាករ-កីឡាការិនី រួមទាំងថ្នាក់ដឹកនាំសហព័ន្ធ ដើម្បីឱ្យពួកគាត់បានចូលរួមប្រកួតដកពិសោធន៍ ។

គួរបញ្ជាក់ថា កីឡាករ កីឡាការិនីជម្រើសជាតិ និងថ្នាលកម្ពុជា២០នាក់បានឈ្នះមេដាយសរុប ១៧គ្រឿង ក្នុងនោះមេដាយមាស ៤ ប្រាក់៦ និងសំរឹទ្ធ៧ ដណ្តើមបានពីការប្រកួត WDSF World Challenge Cup Rising Star Latin & Standard 2024/WDSF International Open Latin & Standard 2024/KTOC Cup 2024 នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយមាន២៦ប្រទេសជុំវិញពិភពលោកចូលរួម ពីថ្ងៃទី១៣-១៤ ខែកក្កដា ឆ្នាំ២០២៤។ មេដាយមាស៤គ្រឿងរបស់កម្ពុជា ដណ្តើមបានដោយកីឡាករជម្រើសជាតិ ជុំ លីហៀង មេដាយមាស១ គ្រឿង, កីឡាការិនីជម្រើសជាតិ សាន រ៉ូហ្សា មេដាយមាស១គ្រឿង និងកីឡាករថ្នាល ឡុង ចំណូល ឈ្នះមេដាយមាស២គ្រឿង៕
ដោយ៖លី ភីលីព

Most Popular

To Top