កីឡា

Arsenal ​ទិញ​បាន​​ខ្សែ​ការពារ​ឆ្នើម​​​ Calafiori​ ពី Bologna ​ហើយ​

កាំ​ភ្លើង​ធំ​ Arsenal ​​ទិញ​​បាន​​ខ្សែការពារ Riccardo Calafiori ​ជា​ផ្លូវ​ការ​ហើយ​ក្នុង​តម្លៃ​ខ្លួន ៤២​លាន​ផោន​​​​ជា​មួយ​សុពលភាព​​កុង​ត្រា​មាន​រយៈ​ពេល​៥​ឆ្នាំ​។

​ខ្សែការពារ​​ម្នាក់​នេះ​អាច​លេង ​បាន​ទាំង​ការពារ​ស្លាប​ឆ្វេង និង​កណ្ដាល ខណៈ​ដែល​​ក្នុង​ព្រឹត្តិការណ៍ EURO 2024 គេ​ក៏​មាន​មុខ​លេង​៣​​ប្រកួត​ក្នុង​ពូល​ផង​ដែរ។ ក្នុង​ពេលមក​​ដល់​កាំភ្លើង​ធំ ​​​​​​​​Riccardo Calafiori ​បាន​និយាយ​ថា ខ្លួន​បាន​​រង់​ចាំ​ពេល​វេលា​នៃ​ការ​ផ្ទេរ​មក​កាន់​ទឹក​ដី​អង់គ្លេស​យូរ​មក​ហើយ ការ​មក​ដល់​ទឹក​ដី​​កាំភ្លើង​ធំ​គេ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​មែន​ទែន​។ គេ​សង្ឃឹម​ថា ក្នុង​រដូវ​កាល​នេះ​ នឹង​អាច​ជួយ​ក្រុម​បាន​ច្រើន ​ព្រម​​ទាំង​អាច​ជួយ​ឲ្យ​​ក្រុម​លេង​ កាន់​តែ​ល្អ​​ជាង​មុន​ ។

ក្រៅ​ពី​អាច​លេង​បាន​នៅ​ចំណុច​ការពារ​កណ្ដាល និង​ការពារ​ស្លាប​ឆ្វេង គេ​បាន​វិវឌ្ឍន៍​ខ្លួន​ឡើង​ទៅ​លេង​នៅ​តំបន់​ស្លាប​​​ឆ្វេង​​បាន​យ៉ាង​ល្អ​ថែម​ទៀត​ផង។ កាល​ពី​រដូវ​កាល​មុន​គេ​​បាន​ចូល​លេង​ជា​មួយ Bologna បាន​ចំនួន​​៣០​​​ដង​​និង​រក​បាន​២​គ្រាប់​ក្នុង​នាម​ជា​ខ្សែការពារ​ស្លាប និង​​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​រក​គ្រាប់​បាល់​បាន​ចំនួន ៥​លើក និង​បាន​ជួយ​ឲ្យ​ក្រុម Bologna ​​ឡើង​​ទៅ​លេង​ពាន​រង្វាន់​អឺរ៉ុប​ UEFA Champions League ។

​​​​Arteta ​​អ្នក​ចាត់​ការ​របស់​ Arsenal បាន​និយាយ​ទាក់​ទង​នឹង​ការ​ចុះ​កុង​ត្រា​យក​ខ្សែការពារ​រូប​នេះ​ថា Riccardo មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​​ និង​មាន​ជំនាញ​ពិសេស​ដែល​អាច​ជួយ​ក្រុម​ឲ្យ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ ហើយ​លោក​ជឿ​ថា គេ​នឹង​អាច​ជួយ​ក្រុម​ឲ្យ​ឈ្នះ​ពាន​បាន​ថែម​ទៀត​​ផង​៕ ​

Most Popular

To Top