ព្រឹត្តិការណ៍

មកស្គាល់​ផ្លូវវែងជាងគេ បង្អស់ក្នុងពិភពលោក ប្រវែង ៣០០០០គ.ម ឆ្លងកាត់​១៤ប្រទេស

គិតត្រឹមឆ្នាំ​២០២៤នេះ ផ្លូវដែលវែងជាងគេ​បង្អស់​ ក្នុងពិភពលោក គឺជាផ្លូវដែលភ្ជាប់ពីផ្នែកខាងលើ នៃអាមេរិកខាងជើង ចុះរហូតមកដល់ចុងផ្នែកខាងក្រោម នៃអាមេរិកខាងត្បូង ឈ្មោះថា Pan American Highway ប្រវែងសរុប ៣០០០០គីឡូម៉ែត្រ ។

ផ្លូវនេះមានចំណុច ចាប់ផ្តើមចេញពីរដ្ឋអាឡាស្កា រហូតដល់ក្រុង Ushuaia ឆ្លងកាត់ប្រទេស​ចំនួន១៤ ក្នុងនោះ នៅអាមេរិកខាងជើង និងអាមេរិកកណ្តាល ចំនួន៩ប្រទេស និង​អាមេរិកខាងត្បូង ៥ប្រទេស រួមមានដូចជា៖ កាណាដា អាមេរិក ម៉ិចស៊ីកូ ក្វាតេម៉ាឡា អែលសាលវ៉ាឌ័រ ហុងដូរ៉ាស នីការ៉ាហ្គ័រ កូស្តារីកា ប៉ាណាម៉ា កូឡុំប៊ី អេក្វឌ័រ ប៉េរូ ឈីលី និងអាហ្សង់ទីន។

យ៉ាងណាមិញ ខ្សែផ្លូវដ៏វែងបំផុតនេះ ត្រូវបានដាច់១កំណាត់​​ប្រវែង ១០៦គីឡូម៉ែត្រ ដែលស្ថិតនៅចន្លោះរវាង​ប្រទេសប៉ាណាម៉ា និងកូឡុំប៊ី ដែល​គេហៅតំបន់នោះថា Darien Gap ជាតំបន់​ព្រៃភ្នំ​ដ៏ស្មុគស្មាញបំផុត។ គេព្យាយាមប៉ុងប៉ង​សាងសង់​ផ្លូវភ្ជាប់ចំណុចនេះ​ជាច្រើន លើកច្រើនសារមកហើយ ប៉ុន្តែតែងតែទទួលបានការប្រឆាំង ដោយបារម្ភ​ពីផលប៉ះពាល់បរិស្ថានធ្ងន់ធ្ងរ ។

គម្រោងផ្លូវ Pan American Highway នេះ ត្រូវបាន​ចុះ​កិច្ចព្រមព្រៀងរួមគ្នា រវាងប្រទេសពាក់ព័ន្ធទាំងអស់​នៅ​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ​១៩៣៧ ក្រោយទើបតែរើខ្លួន ចេញពីវិបត្តិសេដ្ឋកិច្ចពិភពលោក ដោយការសាងសង់​ផ្លូវនេះ ត្រូវបែងចែកជាច្រើនផ្នែក ​តាមបណ្តាប្រទេសនីមួយៗ។

គួរចាប់អារម្មណ៍ដែរថា ផ្លូវ Pan American Highway មិនត្រឹម​តែឆ្លងកាត់​បណ្តាប្រទេសជាច្រើននោះទេ ប៉ុន្តែក៏បាន​ឆ្លងកាត់​អាកាសធាតុ ទេសភាព ព្រឹលទឹកកក វាលខ្សាច់ ព្រៃភ្នំ ផ្សេងៗគ្នាផងដែរ៕

Most Popular

To Top