ព័ត៌មានអន្តរជាតិ

ប្រធានមន្ទីរបញ្ចកោណ បញ្ជាឱ្យនាវាមុជទឹកបំពាក់មីស៊ីល ទៅកាន់មជ្ឈិមបូព៌ា និងប្រាប់ក្រុមនាវាវាយប្រហារ ពន្លឿនការធ្វើដំណើរឱ្យលឿនជាងមុន

AFP

បរទេស៖ ក្រសួងការពារជាតិអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋមន្ត្រីក្រសួងការពារជាតិ អាមេរិក លោក Lloyd Austin បានបញ្ជាឱ្យនាវាមុជទឹកបំពាក់មីស៊ីលនាំផ្លូវ ធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា ហើយបានប្រាប់ក្រុមវាយប្រហារ របស់នាវាផ្ទុកយន្តហោះ USS Abraham Lincoln ឱ្យធ្វើដំណើរឱ្យលឿនទៅកាន់តំបន់នេះ ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ចំណាត់ការនេះកើតឡើងនៅពេលដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀត ជំរុញឱ្យ អ៊ីស្រាអែល និង ក្រុមហាម៉ាស សម្រេចកិច្ចព្រមព្រៀង បទឈប់បាញ់ដែលអាចជួយ ស្ងប់ស្ងាត់ពីភាពតានតឹង ក្នុងតំបន់បន្ទាប់ពីការធ្វើឃាតមេដឹកនាំ នយោបាយហាម៉ាស់ Ismail Haniyeh នៅទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ និងមេបញ្ជាការជាន់ខ្ពស់ Hezbollah នៅទីក្រុងបេរូត ប្រទេសលីបង់។

ក្រុមមន្ត្រីបានកំពុងស្វែងរកការវាយប្រហារសងសឹក ពីសំណាក់អ៊ីរ៉ង់ និងក្រុមហេសបូឡា ចំពោះការសម្លាប់នេះ ហើយសហរដ្ឋអាមេរិក បាននិងកំពុងបង្កើនវត្តមាន របស់ខ្លួននៅក្នុងតំបន់នោះផងដែរ។

ឧត្តមសេនីយ Pat Ryder លេខាធិការព័ត៌មាន របស់មន្ទីរបញ្ចកោណ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Austin បាននិយាយជាមួយរដ្ឋមន្ត្រី ការពារជាតិអ៊ីស្រាអែល លោក Yoav Gallant ហើយបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់អាមេរិក “ក្នុងការចាត់វិធានការ គ្រប់បែបយ៉ាងដើម្បីការពារអ៊ីស្រាអែល និងបានកត់សម្គាល់ពីការពង្រឹងកម្លាំងយោធារបស់សហរដ្ឋអាមេរិកទាំង ឥរិយាបថ និងសមត្ថភាពនៅទូទាំងមជ្ឈិមបូព៌ា ក្រោមភាពតានតឹងក្នុងតំបន់។

នាវា Lincoln ដែលស្ថិតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវបានគេបញ្ជាឱ្យទៅកាន់តំបន់នេះរួចហើយ ដើម្បីជំនួសក្រុមវាយប្រហារនាវាផ្ទុកយន្តហោះ USS Theodore Roosevelt ដែលគ្រោងនឹងចាប់ផ្តើមធ្វើដំណើរពីមជ្ឈិមបូព៌ា។ កាលពីសប្តាហ៍មុនលោក Austin បាននិយាយថា នាវា Lincoln នឹងមកដល់ទីបញ្ជាការ Central Command នៅចុងខែនេះ។

វាមិនទាន់ច្បាស់ទេដោយកាលពីថ្ងៃអាទិត្យគឺមានការបញ្ជាចុងក្រោយមានន័យយ៉ាងណា ឬថាតើនាវា Lincoln នឹងធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ាក្នុង​ល្បឿនលឿនប៉ុណ្ណា។ នាវាផ្ទុកយន្តហោះមានយន្តហោះចម្បាំង F-35 នៅលើយន្តហោះ រួមជាមួយនឹងយន្តហោះចម្បាំង F/A-18 ដែលមាននៅលើនាវាផ្ទុកយន្តហោះផងដែរ។

លោក Ryder ក៏មិនបានបញ្ជាក់ថា តើនាវាមុជទឹកបំពាក់មីស៊ីលនាំផ្លូវ USS Georgia នឹងទៅដល់តំបន់នេះលឿនប៉ុណ្ណានោះទេ។

លោកបាននិយាយថា ទាំងលោក Austin និង លោក Gallant ក៏បានពិភាក្សាអំពីប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅក្នុងតំបន់ Gaza និងសារៈសំខាន់នៃការកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិលផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top