សិល្បៈ និង កម្សាន្ត

សមត្ថភាព និងសម្រស់ ធ្វើឱ្យពន្លក តារាស្រីវ័យក្មេង Destiny Seymour ផ្ទុះការចាប់អារម្មណ៍ខ្លាំង យ៉ាងឆាប់រហ័ស

ស្របពេលដែលវិស័យសិល្បៈកំពុង មានភាពរីកចម្រើន គួរឱ្យកត់សម្គាល់ ពន្លកតារាវ័យក្មេងជាច្រើន បានលេចវត្តមាន ក្នុងរង្វង់សិល្បៈ ដែលពួកគេមាន សមត្ថភាព និងភាពទាក់ទាញរៀងៗខ្លួន។ តួយ៉ាង ក្នុងចំណោមនោះក៏មានកូន កាត់ខ្មែរ-អូស្ត្រាលី Destiny Seymour ម្នាក់ផងដែរ។

រូបភាព ៖ ហ្វេសប៊ុក Destiny Seymour
ស្ថិតក្នុងវ័យ ១៧ឆ្នាំ Destiny ធ្វើឱ្យអ្នកជុំវិញខ្លួនមានភាព ភ្ញាក់ផ្អើលខ្លាំងមែនទែន ដោយនាងមានសមត្ថភាព សម្តែងបានយ៉ាងល្អប្រសើរ ។ បើនិយាយពីរូបសម្រស់វិញនោះ មិនចាញ់តារាស្រីកូនកាត់ផ្សេងៗ នោះឡើយ ដោយនាងមានរូបរាងស្លីមស្រឡូន ទម្រង់មុខកូនកាត់ មើលទៅស្រស់ស្អាត គួរជាទីគាប់ចិត្ត ។
ថ្មីនេះ យុវតីវ័យ១៧ឆ្នាំ Destiny រៀបរាប់ឱ្យដឹងថា នាងស្រលាញ់ចូលចិត្តវិស័យសិល្បៈតាំងពីក្មេងមកម៉្លេះ ប៉ុន្តែទើបពេលនេះ ដែលនាងមានឱកាស បានប្រឡូកសិល្បៈតាមបំណង ក្រោមការជ្រោមជ្រែង របស់លោកឪពុក ជាជនជាតិអូស្ត្រាលី។

រូបភាព៖ ហ្វេសប៊ុក Destiny Seymour
សព្វថ្ងៃកូនកាត់ខ្មែរ-អូស្ត្រាលីរូបនេះ ទទួលថតប្រម៉ូតផ្សព្វផ្សាយផលិតផល ថតស៉្បតពាណិជ្ជកម្ម ថតសម្អាងការ និងការងារសិល្បៈផ្សេងៗ តាមតម្រូវការរបស់ក្រុមហ៊ុន និងភ្នាក់ងារ agency ផ្សេងៗ។ មិនតែប៉ុណ្ណោះ នាងក៏កំពុងថតរឿងភាគថ្មី សម្រាប់ចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចំណងជើង «គ្រួសារបង្កង» ដែលនេះជាការថតរឿង លើកដំបូងបង្អស់ របស់នាងពន្លកតារាស្រីវ័យក្មេងរូបនេះ។

រូបភាព៖ ហ្វេសប៊ុក Destiny Seymour
សោភាកូនកាត់ Destiny Seymour ពិតចិត្តការងារសិល្បៈ ដែលកំពុងធ្វើសព្វថ្ងៃនេះខ្លាំងណាស់ ព្រោះវាជាអ្វីដែលនាង ស្រលាញ់ចូលចិត្ត តាំងពីតូច ដូច្នេះនាងនឹងខិតខំប្រឹងប្រែង បញ្ចេញឱ្យអស់ពីសមត្ថភាព ដើម្បីអភិវឌ្ឍន៍ សមត្ថភាពសិល្បៈ ឱ្យកាន់តែល្អប្រសើរជាងនេះទៀត ព្រោះក្តីស្រម៉ៃរបស់នាងកំពុងក្លាយជាការពិតហើយ។

ដ្បិតតែឈានជើងចូលសិល្បៈ ក្រោយគេបន្តិច តែសម្រស់ និងភាពរួសរាយរាក់ទាក់របស់ Destiny ធ្វើឱ្យច្បាបប្រជាប្រិយភាព បានយ៉ាងឆាប់រហ័ស។ ជាញឹកញាប់ គេរមែងឃើញវត្តមាន Destiny Seymour ក្នុងកម្មវិធីធំៗដែលមានសិល្បករសិល្បការនី និង influencer ល្បីៗចូលរួម។

រូបភាព៖ ហ្វេសប៊ុក Destiny Seymour
ទោះមមាញឹកការងារសិល្បៈកម្រិតណា ក៏កូនកាត់ខ្មែរ-អូស្ត្រាលី Destiny Seymour មិនបោះបង់ចោលការសិក្សាឡើយ ដោយបច្ចុប្បន្នយុវតីរូបនេះកំពុងសិក្សាភាសាខ្មែរ និងអង់គ្លេស នៅសាលាឯកជនមួយក្នុងរាជធានីភ្នំពេញ។

សូមជម្រាបថា Destiny Seymour ជាកូនកាត់ខ្មែរ-អូស្ត្រាលី ដោយម្តាយជាជនជាតិខ្មែរ ឪពុកជនជាតអូស្ត្រាលី។ Destiny កើត និងធំធាត់នៅប្រទេសកម្ពុជា ហើយនាងទើបបោះជំហាន ចូលសិល្បៈប្រមាណ ២ឆ្នាំប៉ុណ្ណោះ តែដោយសារសមត្ថភាព និងសម្រស់ ធ្វើឱ្យពន្លកតារាស្រីវ័យក្មេងនេះ ផ្ទុះការចាប់អារម្មណ៍ ខ្លាំងយ៉ាងឆាប់រហ័ស៕

Most Popular

To Top