កីឡា

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បន្តដឹកនាំសហព័ន្ធ កីឡាការ៉ាតេកម្ពុជា អាណត្តិទី១០ ប្រចាំឆ្នាំ២០២៤-២០២៨

ភ្នំពេញ ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាននៅតែបន្តដឹក នាំសហព័ន្ធកីឡា ការ៉ាតេកម្ពុជា អាណត្តិទី១០ ប្រចាំឆ្នាំ២០២៤-២០២៨ បន្ទាប់ពីក្លិបកីឡាការ៉េតេចំនួន ៤៥ បានធ្វើការបោះឆ្នោតជ្រើសរើសរូប លោកជាប្រធានសហព័ន្ធ ។

ក្នុងឱកាសមហាសន្និបាត បញ្ចប់អាណត្តិទី៩ បន្តអាណត្តិទី១០ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានការអញ្ជើញពីសំណាក់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ក្រោយពីបញ្ចប់មហាសន្និបាត លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានប្រគល់ថវិកាលើកទឹកដល់គ្រូបង្វឹក គ្រូជំនួយ និងក្រុមកីឡាការិនីដែលឈ្នះមេដាយសំរិទ្ធក្នុងព្រឹត្តិការណ៍កីឡា ASEAN GAME លើកទី១៩ នៅប្រទេសចិន ដែលជាមេដាយដំបូងរបស់សហព័ន្ធកីឡាការ៉ាតេកម្ពុជា និងប្រគល់សញ្ញាបត្រដាន់ជាន់ឥស្សរជនការ៉ាតេ រួមមានខ្សែក្រវាត់ ៨ ដាន់ចំនួន ២ រូប លោកសាស្រ្តចារ្យ ដែក ភារៈ និងលោកសាស្រ្តចារ្យ ហេង ផេង ខ្សែក្រវាត់ ៦ ដាន់ចំនួន ១ រូប លោក សាន សឿន ខ្សែក្រវាត់ ៥ ដាន់ចំនួន ៥ រូប វណ្ណថារ៉ូ លោក រ័ត្ន ស្រ៊ាង លោក ភីយ៉ារ៉ា លោក ថាំង វិបុល និងលោក ឆេង ច័ន្ទដារ៉ារតនៈ ។

លោក វ៉ាត់ ចំរើន រដ្ឋលេខធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានមានប្រសាសន៍ថា សហព័ន្ធកីឡាការ៉ាតេកម្ពុជា ក្រោមការដឹកនាំលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្នុងអាណត្តិទី៩ ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ បានធ្វើឲ្យសហព័ន្ធមានការអភិវឌ្ឍ និងរីកចម្រើន គួរឲ្យកត់សម្គាល់យ៉ាងខ្លាំង ជាពិសេសកីឡាការ៉ាតេកម្ពុជា បានកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងជោគជ័យនៃការប្រកួតកីឡា SEA Games ឆ្នាំ២០២៣ ដែលកីឡាការ៉ាតេក៏បានរង់ចាំ ៦៤ឆ្នាំមកហើយ ។

លោកអគ្គបានបន្តថា ម៉្យាងទៀត សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានទទួលនូវការភ្ញាក់ផ្អើល និងការកោតសរសើរ ចំពោះភាពសកម្មនៃការចូលរួមប្រកួតគ្រប់វេទិកាប្រកួតកីឡាការ៉ាតេអន្តរជាតិឡើងវិញ ក្នុងអាណត្តិទី៩ ឆ្នាំ២០២០-២៤ នេះនូវសមិទ្ធផល និងលទ្ធផលបច្ចេកទេសរួមមាន SEA Games វៀតណាម ឆ្នាំ២០២២ និង SEA Games នៅកម្ពុជា ឆ្នាំ២០២៣ ទទួលបានមេដាយមាស១ មេដាយប្រាក់៣ និងមេដាយសំរឹទ្ធ៩ កម្រិត Asian Games ឆ្នាំ២០២៤ មេដាយដំបូងរបស់ការ៉ាតេ ក្រុមកាតានារី ដណ្តើម បានមេដាយសំរឹទ្ធមួយ ។

ការប្រកួតកម្រិតជើងឯក ពិភពលោក ក៏ដណ្តើម មេដាយសំរឹទ្ធដំបូង នៅឥណ្ឌូនេស៊ី ឆ្នាំ ២០២២ ការប្រកួតកម្រិត ជើងឯកអាស៊ី Asian Karate Championship ទទួលបានមេដាយសំរឹទ្ធ៤ ចាប់ពីឆ្នាំ២០២១ ឆ្នាំ២០២២ និងឆ្នាំ២០២៣ កម្រិតជើងឯកអាស៊ីអាគ្នេយ៍ មេដាយមាស៣ មេដាយប្រាក់៣ និងមេដាយសំរឹទ្ធ១៣ ចាប់ពីឆ្នាំ២០២២ ឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងការប្រកួតជាអន្តរជាតិនានា មេដាយប្រាក់៥ មេដាយសំរឹទ្ធ១២ ក្នុងការប្រកួត Open Karate និង University Games សរុបទទួលបានេដាយមាស ៤ ប្រាក់ ១១ និងសំរិទ្ធ៤០ គ្រឿង ៕
ដោយ៖លី ភីលីព

Most Popular

To Top