កីឡា

ជប៉ុន ជាក្រុមបាល់ទាត់​ ជម្រើស​ជាតិ ​​ជាប់​លេខ១ នៅ​ទ្វី​បអាស៊ី

វិស័យ​បាល់ទាត់​ នៅ​ប្រទេស​ទ្វីបអាស៊ី​ ភាគ​ច្រើន​ ហាក់​ដូច​ជា​​មិន​សូវ​ លូតលាស់​ប៉ុន្មាន​ទេ ដោយសារ​តែ​បញ្ហា​ជា​ច្រើន ជាពិសេស​គឺ​អភិបាលកិច្ចបាល់ទាត់​ និង​វប្បធម៌​ នៃ​ការ​លេង​កីឡា​នេះ​តែ​ម្ដង ។ យ៉ាងណាមិញ មាន​ប្រទេស​អាស៊ី​មួយ​ចំនួន​ហាក់​មាន​ស្តង់ដា​ពិភពលោក ដោយសារ​កត្តាជាច្រើន ដែល​ក្នុងនោះ​កត្តាមួយ​ គឺ​កីឡាករ​របស់​ប្រទេស​ទាំង​នោះ​មាន​ឱកាស​លេង​នៅ​ទ្វីប​អឺរ៉ុបដែលមានលីគជាច្រើន ដែលជាលីគ​លំដាប់ពិភពលោក។

គិតត្រឹម​ខែ​កញ្ញា ឆ្នាំ២០២៤នេះ នៅ​ក្នុង​ទ្វីបអាស៊ី ក្រុមបាល់ទាត់​ជម្រើសជាតិ​ដែល​ជាប់​លេខ ១ នៅ​ក្នុង​តារាង​ចំណាត់ថ្នាក់ FIFA នោះ​គឺ ក្រុម​ជម្រើស​ជាតិ​ជប៉ុន។

ក្រុម​ជប៉ុន​នៅ​ពេល​នេះ​ដែរ កំពុង​តែ​ឈរ​លេខ ១៨ នៅ​ក្នុង​តារាង​ចំណាត់ថ្នាក់​ពិភពលោក ដោយ​ពេល​នេះ​កំពុង​តែ​មាន ១ ៦២១ពិន្ទុ ។
ជប៉ុន​កំពុង​តែ​នាំ​មុខ​អាស៊ី​ខាង​បាល់ទាត់​នេះ​ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មុខ​ហើយ ដោយ​ចាប់​តាំង​ពី​ឆ្នាំ២០១៩មក ប្រទេស​នេះ​ជាប់​លេខ ១ ជាប់​រហូត​ លើកលែង​តែ​នៅ​ឆ្នាំ២០២១ ទេ ដែល​ប្រទេស​នេះ​ជាប់​លេខ ២ ហើយ​អ៊ីរ៉ង់​ជាប់​លេខ ១។

ចាប់​តាំង​ពី​ចំណាត់ថ្នាក់ FIFA ត្រូវ​បាន​គេ​កត់ត្រា​ ជា​ផ្លូវការ​នៅ​ឆ្នាំ១៩៩២មក ជប៉ុន​ជាប់​លេខ​ ១ នៅ​ទ្វីបអាស៊ី​លើក​ដំបូង​នៅ​ឆ្នាំ១៩៩៥។ ប្រទេស​នេះ​ធ្លាប់​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ នៅ​ក្នុង​ការ​ប្រកួត​បាល់ទាត់​អន្តរជាតិ រហូត​ធ្លាប់​ជាប់​លេខ ៩ ចំណាម​សមាជិក​ FIFA ជិត ២០០សមាគមបាល់ទាត់ ។

សូម​ជម្រាប​ផង​ដែរ សមាជិក​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​ នៅ​ពេល​បច្ចុប្បន្ន​នេះ ​ភាគ​ច្រើន​លេង​នៅ​ទ្វីប​អឺរ៉ុប​ដែល​រួម​មាន​ខ្សែ​បម្រើ​ការពារ Wataru Endo ដែល​ពេល​នេះ ​កំពុង​លេង​នៅ​ Liverpool ហើយ​ដើរ​តួ​ជា​ប្រធាន​ក្រុម​ជប៉ុន ​។ ក្រៅ​ពី​ Endo មាន​កីឡាករ​មួយ​ចំនួន​ទៀត​លេង​នៅ​លីគ​ហុល្លង់ ព័រទុយហ្គាល់ ប៊ែលហ្សិក បារាំង​ អេស្ប៉ាញ ជាដើម ៕

Most Popular

To Top