កីឡា

លោក ផែង វណ្ណៈ ៖ វគ្គនេះជួយអភិវឌ្ឍន៍ នូវធនធានមនុស្ស ពង្រឹងនូវបច្ចេកទេស ជំនាញ និងក្រមសីលធម៌ ឲ្យប្រសិទ្ធភាពការងារខ្ពស់

ភ្នំពេញ ៖ លោក ម៉ុល កាដូ អនុប្រធានតំណាងឲ្យលោក ហេង សុខយន ប្រធានសហព័ន្ធកីឡាប្រដាល់ សឹកបុកស៊ីងកម្ពុជា និងលោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន តំណាងលោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលបង្វឹក កីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា នៅសាលប្រជុំនាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន ។

លោក ផែង វណ្ណៈ ប្រធានគ្រប់គ្រងវគ្គបាននិយាយថា សហព័ន្ធកីឡាប្រដាល់ឃើកបុកស៊ីងកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡា ប្រដាល់ឃើកបុកស៊ីងកម្ពុជាអស់រយៈ៣ថ្ងៃចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២៤ ដោយមានសិក្ខាកាមចូលរួមចំនួន ៤៨ នាក់ ក្នុងនោះស្រ្តី ១១នាក់ ក្រោមការប្រើប្រាស់ថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា ។

លោកបានបន្តថា ការជួយឧបត្ថម្ភគាំទ្រនេះ បានធ្វើឲ្យសហព័ន្ធកីឡាប្រដាល់បើកបុកស៊ីងកម្ពុជា មានការរីកចម្រើនទាំងផ្នែកធនធានគ្រូបង្វឹក ផ្នែកបច្ចេកទេស និងផ្នែក ការងាររដ្ឋបាលដំណើរការងារបានយ៉ាងល្អ ។ ក្រោមការផ្តួចផ្តើមគំនិត និងការណែនាំដោយផ្ទាល់ពីក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធ បានយកចិត្តទុកដាក់អភិវឌ្ឍន៍នូវធនធានមនុស្ស ពង្រឹងនូវបច្ចេកទេស ជំនាញ និងក្រមសីលធម៌ ដើម្បី ប្រសិទ្ធភាពការងារ កាត់បន្ថយបញ្ហាប្រឈមនានា ដែលផ្តើមចេញពីការអនុវត្តមិនបានគ្រប់ជ្រុងជ្រោយ របស់យើង ។

ដូច្នេះសូមឲ្យសិក្ខាកាម ក្រោយពីទទួល បាននូវចំណេះដឹងពីការបណ្តុះបណ្តាលនេះទៅ ត្រូវអនុ វត្តឲ្យបានត្រឹមត្រូវល្អ ។ ហើយសហព័ន្ធនឹងមានរៀបចំចេញ ជាវិញ្ញាបនបត្រ បញ្ជាក់ការសិក្សាជូនដល់ សិក្ខាកាមណា ដែលទទួលបានជោគជ័យ ក្នុងវគ្គបណ្តុះបណ្តាលនេះតែប៉ុណ្ណោះ។

សហព័ន្ធកីឡាប្រដាល់ឃើកបុកស៊ីងកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួង អប់រំ យុវជន និងកីឡាបានបង្កលក្ខណៈងាយស្រួល និងផ្តល់ទីកន្លែងដល់សហព័ន្ធកីឡាប្រដាល់ បើកបុកស៊ីងកម្ពុជា ក្នុងការរៀបចំនូវវគ្គបណ្តុះបណ្តាលនេះឡើង៕
ដោយ៖លី ភីលីព

Most Popular

To Top