ព័ត៌មានអន្តរជាតិ

អាជ្ញាធរថៃ នឹងត្រួតពិនិត្យរថយន្ត CNG បន្ទាប់ពីមានមនុស្ស ២៣ នាក់ ស្លាប់ក្នុងហេតុការណ៍ ភ្លើងឆេះរថយន្តសាលា

AFP

ថៃ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អាជ្ញាធរថៃគ្រោង នឹងត្រួតពិនិត្យស្តង់ដារ សុវត្ថិភាព អគ្គីភ័យនៅលើរថយន្តក្រុង ដឹកអ្នកដំណើរទាំងអស់ ដែលបំពាក់ដោយស៊ីឡាំង ឧស្ម័នធម្មជាតិ (CNG) បន្ទាប់ពីភ្លើងឆេះរថយន្តក្រុងដែលបានឆក់យកជីវិតមនុស្ស ២៣ នាក់ នៅជាយក្រុងបាងកក កាលពីថ្ងៃអង្គារ។

នេះបើយោងតាមកាសែត Straits Times បានប្រាប់ឲ្យដឹងថា លោក Surapong Piyachote អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន របស់ប្រទេសថៃ កាលពីថ្ងៃពុធ បាននិយាយថា នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក (DLT) ត្រូវបានប្រគល់ភារកិច្ច ក្នុងការបញ្ចប់ការត្រួតពិនិត្យ ក្នុងរយៈពេលពីរខែ ។

ចំណាត់ការនេះធ្វើឡើង ដើម្បីឆ្លើយតបទៅនឹង អគ្គីភ័យដ៏សាហាវនៅលើរថយន្តក្រុង ជួលដោយសាលាវត្តខៅផាយ៉ា សង្ខារាមសម្រាប់ដំណើរកម្សាន្តដែលមានសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូចំនួន៤៥នាក់។

យោងតាមនាយកដ្ឋាន ដឹកជញ្ជូន បាននិយាយថា ក្នុងចំណោមអ្នកដំណើរ ២៣នាក់បានស្លាប់ នៅពេលរថយន្តក្រុង ដែលប្រើស៊ីឡាំង ឧស្ម័នធម្មជាតិ (CNG) បានឆាបឆេះ ។ ឡានក្រុងដឹកអ្នកដំណើរ ប្រមាណ ១៣,៤២៦ គ្រឿងក្នុងប្រទេសថៃ បច្ចុប្បន្នត្រូវបានដំណើរការដោយ CNG ។

លោគ Surapong ក៏បានណែនាំដល់នាយកដ្ឋាន ឲ្យតាក់តែងបទប្បញ្ញត្តិថ្មី ដែលតម្រូវឲ្យអ្នកបើកបរ រថយន្តក្រុង និងបុគ្គលិកទទួលការបណ្តុះបណ្តាល ផ្នែកសុវត្ថិភាព និងការគ្រប់គ្រង ។ លោកបានជំរុញឲ្យមានការ សហការជាមួយ សាលារៀន ដើម្បីធានាថា រថយន្តក្រុងទាំងអស់ដែលប្រើប្រាស់ សម្រាប់ការធ្វើដំណើរ ទៅសាលារៀន ត្រូវតាមស្តង់ដារសុវត្ថិភាព ។

ក្រសួងដឹកជញ្ជូនក៏កំពុងស្វែងរកលទ្ធភាព នៃការកែសម្រួល ចំនួនអតិបរមានៃឆ្នាំ ដែលរថយន្តក្រុងដឹកអ្នកដំណើរ អាចបន្តដំណើរការបាន ។ វិធានការដ៏មានសក្តានុពលមួយទៀត រួមមានការតម្រូវឲ្យ រថយន្តក្រុងដឹកអ្នកដំណើរ ទាំងអស់ផ្តល់ការសង្ខេបអំពីសុវត្ថិភាពដល់អ្នកដំណើរ មុនពេលធ្វើដំណើរនីមួយៗ ស្រដៀងទៅនឹងនីតិវិធី របស់ក្រុមហ៊ុនអាកាសចរណ៍ ៕

Most Popular

To Top