កីឡា

លោក វ៉ាត់ ចំរើនបានវាយតម្លៃខ្ពស់ចំពោះការចូលរួមពីថ្នាក់ដឹកនាំ និងពលរដ្ឋខេត្តព្រះសីហនុ ចូលរួមយ៉ាងច្រើនកុះករនាពិធីរត់ភ្លើងគប់កីឡាជាតិឆ្នាំ២០២៤

ខេត្តព្រះសីហនុ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ព្រមទាំងមន្រ្តីប្រតិភូក្រសួងអប់រំយុវជន យុវជន និងកីឡាជាច្រើនរូបបានអញ្ជើញចូលរួមពិធីរត់ភ្លើងគប់ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ បានធ្វើដំណើរមកដល់ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤។

លោក វ៉ាត់ ចំរើន បានវាយតម្លៃខ្ពស់ចំពោះការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុន សិស្សនុសិស្ស និស្សិត និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ដែលបានចូលរួមរត់ និងហែរហមអមដំណើរ នៃពិធីរត់ភ្លើងគប់លើកដំបូងនៅខេត្តតំបន់ទេសចរណ៍មួយនេះ។ លោកបានបន្តថា ការចូលរួមដ៏ច្រើនកុះករនេះសបញ្ជាក់ឲ្យឃើញថា ស្មារតីរួមរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ គឺស្រលាញ់ និងលើកស្ទួយវិស័យកីឡា ដើម្បីឈានដំណើរទៅការរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩។

លោក សាមុត សុធារឹទ្ធ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានតិភូដឹកនាំកីឡាខេត្តព្រះសីហនុ ទៅចូលរួមការប្រកួតកីឡាជាតិលើកទី៤ បានបញ្ជាក់ថា ខេត្តព្រះសីហនុ ចុះឈ្មោះចូលរួមប្រកួត ១០ប្រភេទកីឡា សរុបអ្នកចូលរួមមានចំនួន ៧៨នាក់ក្នុងនោះមានស្រី ១៥នាក់ ប្រតិភូដឹកនាំថ្នាក់ខេត្ត ០៣នាក់ ប្រតិភូដឹកនាំក្រុម ០២នាក់ គ្រូបង្វឹក ០៩នាក់ គ្រូជំនួយ០១នាក់ និងកីឡាករ កីឡាការិនី ៦៣នាក់ (កីឡាការិនី១៣នាក់)។ លទ្ធផលទទួលបាននាពេលកន្លងមកក្នុងព្រឹត្តិការណ៍កីឡាជាតិរួមមាន មេដាយមាស៧ ប្រាក់៩ និងសំរឹទ្ធ១០ សរុប ២៦មេដាយ។

ខេត្តព្រះសីហនុ ទទួលសិទ្ធរៀបចំការប្រកួតកីឡា ០២ប្រភេទរួមមាន កីឡាទូកក្តោង និងកីឡាម៉ូតូទឹក។ ព្រះសីហនុ ជាខេត្តទី២បន្ទាប់ពីខេត្តកែប ដែលបានបា្ររព្ធពិធីរត់ភ្លើងគប់កីឡា អបអរសាទរ! ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤។ ដំណើរភ្លើងគប់កីឡា នឹងធ្វើដំណើរទៅកាន់ខេត្តកំពង់ឆ្នាំង និងបន្តទៅខេត្តស្វាយរៀង មុនធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ដើម្បីប្រារព្ធពិធីបើកផ្លូវការនៅពហុកីឡដ្ឋានជាតិអូឡាំពិក៕

សូមរំលឹកថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការ លើកទី២ នឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤៕

ដោយ៖ លី ភីលីព

Most Popular

To Top