យោងតាមការសិក្សាថ្មីមួយបានឲ្យដឹងថា ស្ត្រីដែលហាត់ប្រាណតាមរយៈការធ្វើការងារផ្ទះសម្បែងអាចកាត់បន្ថយការប្រឈមមុខនឹងជម្ងឺមហារីកសុដន់។
ការស្រាវជ្រាវដែលធ្វើលើស្រ្តីជាង ២០០.០០០នាក់ មកពីប្រទេសអ៊ឺរ៉ុបបានរកឃើញថា ការធ្វើការងារផ្ទះសម្បែង មានប្រយោជន៍ការពារជម្ងឺ មហារីកច្រើនជាងការលេងកីឡា ទៅទៀត។ ការបោសជូតផ្ទះ ការបោកសំលៀកបំពាក់ និងការបូមធូលី ក៏មានប្រយោជន៍ប្រសើរជាងការហាត់ប្រាណដែរ។
ស្ត្រីស្ថិតនៅក្នុងការសិក្សា ដែលផ្តល់មូលនិធិដោយមជ្ឈមណ្ឌលស្រាវជ្រាវ ជម្ងឺមហារីកអង់គ្លេស បានចំណាយពេលជាមធ្យម ១៦ – ១៧ម៉ោង ក្នុង ១អាទិត្យ ដើម្បីធ្វើម្ហូបអាហារ បោសជូតសម្អាតផ្ទះ និងបោកគក់សំលៀកបំពាក់។
អ្នកជំនាញបានដឹង ជាយូរណាស់មកហើយថា ការហាត់ប្រាណអាចកាត់បន្ថយការប្រឈមមុខនឹងជម្ងឺមហារីកសុដន់ ដែលប្រហែលជា តាមរយៈការបំរែបំរួលអ័រម៉ូន និងមេតានប៉ូលីសរាងកាយ។
ប៉ុន្តែវាមិនសូវច្បាស់លាស់ថា តើការហាត់ប្រាណបែបណា និងនៅកម្រិតប៉ុណ្ណា ដែលជាការចាំបាច់ក្នុងការកាត់បន្ថយការប្រឈមមុខនេះ ម៉្យាងទៀតការស្រាវជ្រាវពីមុនៗបានផ្តោតទៅលើទំនាក់ទំនងរវាងការហាត់ប្រាណ និង ជម្ងឺមហារីកសុដន់នៅលើស្ត្រី ក្រោយដល់អាយុអស់រដូវប៉ុណ្ណោះ។
ការសិក្សាថ្មីៗបំផុតនេះបានផ្តោតទៅលើស្ត្រីទាំងអ្នកមុន និងទាំងអ្នកអស់រដូវ និងអ្នកក្រោយអាយុអស់រដូវ ព្រមទាំងសកម្មភាពមួយចំនួន ដូចជាការបំពេញការងារ សកម្មភាពពេលកំសាន្ត និងការងារផ្ទះសម្បែង។
ការសិក្សានេះមានរយៈពេលជាមធ្យម ៦.៤ឆ្នាំ ដែលក្នុងនោះមានការកើតជម្ងឺមហារីកសុដន់ ៣.៤២៣ករណី។ អ្នកស្រាវជ្រាវអន្តរជាតិបានអះអាងថា លទ្ធផលនេះបានបញ្ជាក់ថា ទម្រង់នៃសកម្មភាពរាងកាយក្នុងកម្រិតមធ្យម ដូចជាការងារផ្ទះសម្បែង អាចផ្តល់ប្រយោជន៍ច្រើនជាងសកម្មភាពរាងកាយខ្លាំងក្លា តែមិនជាប់ដូចការហាត់ប្រាណនៅក្នុងការកាត់បន្ថយការប្រឈមមុខនឹងមហារីក។
វេជ្ជបណ្ឌិត លេសលី វ៉លឃើរ មកពីមជ្ឈមណ្ឌលស្រាវជ្រាវជម្ងឺមហារីកពីអង់គ្លេសបានឲ្យដឹងថា យើងបានដឹងរួចជាស្រេចហើយថា ស្រ្តីដែលរក្សាទម្ងន់ ដែលមានសុខភាពល្អ មិនសូវជាប្រឈមមុខនឹងការកើតជម្ងឺមហារីកសុដន់ទេ។
ការសិក្សានេះបង្ហាញឲ្យឃើញថា ភាពសកម្មនៃរាងកាយអាចជួយផងដែរ ក្នុងការកាត់បន្ថយការប្រឈមមុខ ហើយនឹងថាអ្វីដែលសាមញ្ញ ហើយថោក ដូចជាការបំពេញ ការងារផ្ទះសម្បែងក៏អាចផ្តល់ប្រយោជន៍ផងដែរ។
ដោយ៖ ហង្ស សុបញ្ញា