ភ្នំពេញ៖ លោក ម៉ុង គឹមហេង រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានកិត្តិយសសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងអ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជានាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចូលរួមពិធីបិទការប្រកួតកីឡាវ៉ូវីណាម ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី២ នៅអគាស.ស.យ.ក រាជធានីភ្នំពេញ ។
លោក ម៉ុង គឹមហេង បានមានប្រសាសន៍ថា ក្នុងអាណត្តិជាប្រធានកិត្តិយសរបស់សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំសហព័ន្ធទាំងអស់ ដែលបានខិតខំរៀបចំការប្រកួតនេះឡើងដោយទទួលបានលទ្ធផលល្អ និងទទួលបានជោគជ័យ ហើយវិស័យឯកជនបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យកីឡារបស់យើង បន្ថែមពីលើអ្វីដែលក្រសួងអប់រំ យុវជន និង កីឡា បានខិតខំជួយដល់សហព័ន្ធកីឡាជាតិនាពេលកន្លងមករហូតដល់បច្ចុប្បន្ន។
ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា វិស័យកីឡានៅកម្ពុជាបានឈានដល់ចំណុចខ្ពស់ ដែលធ្វើឱ្យបណ្តាលប្រទេសនៅអាស៊ានកោតសរសើរយ៉ាងខ្លាំងពិសេសព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងទទួលបានចំណាត់ថ្នាក់លេខ៤ ជាប្រវត្តិសាស្រ្តទៀតផង។
លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានប្រាប់ឲ្យដឹងថា កីឡាករ-កីឡាការិនីបានខិតខំប្រឹងប្រែងប្រកួតដោយឈរលើស្មារតីកីឡា និងអនុវត្តបទបញ្ជាការប្រកួត ច្បាប់ល្បែងបានត្រឹមត្រូវ និងមានក្រមសីលធម៌ខ្ពស់។ ក្រោយពីបានរៀបចំវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសរៀបចំនិងគ្រប់គ្រងការប្រកួតរួចមក មន្ត្រីរៀបចំការប្រកួតមានការយល់ដឹងកាន់តែច្រើន ក្នុងការរៀបចំនិងគ្រប់គ្រងការប្រកួតស្របតាមលក្ខណៈ បច្ចេកទេសរបស់សហព័ន្ធកីឡាវ៉ូវីណាមអន្តរជាតិ ។ ចៅក្រម អាជ្ញាកណ្តាល កាន់តែមានវិជ្ជាជីវៈខ្ពស់ ប្រកាន់ខ្ជាប់នូវតម្លាភាព និងសុក្រិត្យភាព។
លោក លី ចាន់សុភក្តី អនុប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានជម្រាបជូនដែរថា កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ លើវិញ្ញាសាកីឡាវ៉ូវីណាមបានចាប់ផ្ដើមប្រកួតចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ ថ្ងៃទី០២ ខែវិច្ចិកា ឆ្នាំ២០២៤ ដែលក្រសួង រាជធានី-ខេត្ត ចំនួន៩ ចូលរួមប្រកួតមានប្រតិភូចូលរួមសរុបចំនួន ១២១នាក់ ក្នុងនោះប្រតិភូ១២នាក់ គ្រូបង្វឹក ១៨នាក់ កីឡាករ ៥១នាក់ កីឡាការិនី ៤០នាក់ ជាចំនួនលើសពីកីឡាជាតិលើកទី៣ កន្លងទៅ។ ចំពោះវិញ្ញាសាដាក់ឱ្យប្រកួតមានចំនួន ១៥វិញ្ញាសា ក្នុងនោះវិញ្ញាសាសម្ដែង ៨ប្រភេទ វិញ្ញាសាប្រយុទ្ធមាន ៧ប្រភេទទម្ងន់៕
ដោយ៖ លី ភីលីព