ហ្សាការតា៖ ក្រសួងឧស្សាហកម្មបានឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី បានហាមឃាត់ការលក់ទូរស័ព្ទ Google Pixel ជុំវិញការខកខានរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ មិនគោរពតាមបទប្បញ្ញត្តិនៃការវិនិយោគនេះ ។ ក្រសួងឧស្សាហកម្មបានបញ្ជាក់យ៉ាងដូច្នេះប៉ុន្មានថ្ងៃបន្ទាប់ពីការទប់ស្កាត់ការលក់ iPhone 16 របស់ក្រុមហ៊ុន Apple ។
រដ្ឋាភិបាលក្រុងហ្សាការតា កំពុងស្វែងរកការជំរុញការវិនិយោគពីក្រុមហ៊ុនបច្ចេកវិទ្យាបរទេសជាមួយនឹងវិធានការរឹតត្បិតដែលតម្រូវឱ្យទូរស័ព្ទរបស់ពួកគេមានប្រភព៤០ ភាគរយនាំយកពីផ្នែកនានានៅក្នុងប្រទេសឥណ្ឌូនេស៊ី ។
លោក Febri Hendri Antoni Arif អ្នកនាំពាក្យក្រសួងឧស្សាហកម្ម បានប្រាប់ដល់សន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា “យើងបានប្រកាសថា ដរាបណាផលិតផលទាំងនោះមិនបានបំពេញតាមគ្រោងការ ដែលយើងបានទាមទារទេនោះក្រុមហ៊ុនទាំងនោះមិនអាចលក់នៅក្នុងប្រទេសឥណ្ឌូនេស៊ីបានឡើយ” ។
លោកបានបញ្ជាក់ទៀតថា “សម្រាប់ Google Pixel ពួកគេមិនទទួលបានវិញ្ញាបនបត្របញ្ជាក់លើការវិនិយោគ រឺហៅកាត់ថា TKDN” ដោយនេះគេប្រើប្រាស់អក្សរកាត់នៃគ្រោងការដែលបានកំណត់ច្បាប់ ៤០ភាគរយ ។
ក្រុមហ៊ុន Google នៅក្នុងប្រទេសឥណ្ឌូណេស៊ី មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ទីភ្នាក់ងារ AFP សម្រាប់ការធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា