ឥណ្ឌូណេស៊ី ៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ របស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយកាលពីថ្ងៃចន្ទថា មនុស្សយ៉ាងហោចណាស់ ១០ នាក់បានស្លាប់ ដោយសារការផ្ទុះភ្នំភ្លើងជាបន្តបន្ទាប់នៅលើកោះ Flores ដាច់ស្រយាលមួយកន្លែង យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
លោក Firman Yosef មន្ត្រី នៅប៉ុស្តិ៍ត្រួតពិនិត្យភ្នំ Lewotobi Laki Laki បាននិយាយាថ ការផ្ទុះនៅភ្នំ Lewotobi Laki Laki ប្រហែលពាក់កណ្តាលអធ្រាត្រ បានបញ្ចេញផេះពណ៌ត្នោតក្រាស់ដែលមានកម្ពស់រហូតដល់ ២,០០០ ម៉ែត្រទៅលើអាកាស ហើយផេះក្តៅបានវាយប្រហារភូមិជាច្រើន ដោយបានឆេះផ្ទះជាច្រើនខ្នង រួមទាំងវត្តអារាមរបស់ដូនជីកាតូលិកផងដែរ។ ។
លោកបានបន្តថា កម្អែលភ្នំភ្លើងត្រូវបានហោះចម្ងាយ ៦ គីឡូម៉ែត្រពីមាត់រណ្ដៅរបស់ភ្នំភ្លើង ដោយគ្របដណ្តប់ភូមិ និងទីប្រជុំជននៅក្បែរនោះ ជាមួយនឹងកម្ទេចកម្ទីភ្នំភ្លើងរាប់តោន និងបង្ខំឲ្យអ្នកស្រុកភៀសខ្លួន។
លោក Abdul Muhari អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះ មហន្តរាយជាតិបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះ នៅតែស្វែងរកសាកសពបន្ថែមទៀត ដែលកប់នៅក្រោមផ្ទះដែលដួលរលំ។ លោក Muhari បានបន្ថែមថា សាកសពទាំងអស់ រួមទាំងកុមារម្នាក់ ត្រូវបានរកឃើញដោយមានកាំរណ្ដៅ ៤ គីឡូម៉ែត្រនៃរណ្ដៅ។
លោកបានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស ១០,០០០ នាក់បានរងផលប៉ះពាល់ដោយការផ្ទុះក្នុងភូមិចំនួន ៦ នៃស្រុក Wulanggitang និងភូមិចំនួន ៤ នៅស្រុក Ile Bura ។ អ្នកខ្លះបានភៀសខ្លួនទៅផ្ទះសាច់ញាតិ ខណៈរដ្ឋាភិបាលក្នុងតំបន់កំពុងត្រៀមសាលារៀន ដើម្បីប្រើជាជម្រកបណ្ដោះអាសន្ន។
ទីភ្នាក់ងារត្រួតពិនិត្យភ្នំភ្លើង របស់ប្រទេសនេះបានបង្កើនស្ថានភាពប្រកាសអាសន្នរបស់ភ្នំភ្លើងដល់កម្រិតខ្ពស់បំផុត ហើយបានបង្កើនតំបន់ លើកលែងទ្វេដងដល់កាំ ៧ គីឡូម៉ែត្រ បន្ទាប់ពីពាក់កណ្តាលអធ្រាត្រកាលពីថ្ងៃចន្ទ ដោយសារការផ្ទុះកាន់តែញឹកញាប់។
លោក Agusta Palma ប្រធានមូលនិធិ Saint Gabriel មើលការខុសត្រូវលើសន្និបាតនានានៅលើកោះដែលភាគច្រើនជាកាតូលិកបាននិយាយថា ដូនជីម្នាក់នៅក្នុងភូមិហុកេង បានស្លាប់ហើយម្នាក់ទៀតបានបាត់ខ្លួន។ ដូនជីរបស់យើងបានរត់ចេញ ទាំងភ័យស្លន់ស្លោនៅក្រោមភ្លៀង នៃផេះភ្នំភ្លើងនៅក្នុងភាពងងឹត។
រូបថត និងវីដេអូ ដែលបានផ្សព្វផ្សាយនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីកម្ទេចកម្ទីភ្នំភ្លើងជាច្រើន ដែលគ្របដណ្តប់ផ្ទះ រហូតដល់ដំបូលផ្ទះរបស់ពួកគេនៅភូមិដូចជា Hokeng ជាកន្លែងដែលកម្អែក ភ្នំភ្លើងក្តៅបានឆេះផ្ទះ ៕