គៀវ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ អ៊ុយក្រែនលោក Rustem Umerov បានបញ្ជាក់ថា យោធា របស់ប្រទេសរបស់លោក បានប្រយុទ្ធគ្នាជាលើកដំបូង ជាមួយកងទ័ពកូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយ របស់ទូរទស្សន៍ KBS សាធារណៈរបស់ប្រទេសកូរ៉េខាងត្បូង។
លោក Umerov បានប្រាប់ KBS នៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃចន្ទ ម៉ោងក្នុងស្រុកថា ការចូលរួម “ខ្នាតតូច” បានកើតឡើង ដោយមិនបានបញ្ជាក់លម្អិតពីពេលណា និងកន្លែងដែលការ ប្រយុទ្ធគ្នាបានកើតឡើងនោះឡើយ។
លោកបានលើកឡើងថា វាអាចត្រូវបានគេចាត់ទុកជាផ្លូវការថា ជាការចាប់ផ្តើម នៃការចូលរួមរបស់កូរ៉េខាងជើង នៅក្នុងសង្រ្គាមរបស់រុស្ស៊ីប្រឆាំង នឹងអ៊ុយក្រែន នេះបើយោងតាមរបាយការណ៍ ។
លោក Umerov បានបន្ដថា ប៉ុន្តែការប្រយុទ្ធមិនមែនជាកម្រិតនៃការចូលរួមជាប្រព័ន្ធជាមួយនឹងកងកម្លាំងទាំងអស់ដែលត្រូវបានកេណ្ឌនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
រដ្ឋមន្ត្រីការពារជាតិបានបន្ថែមថា លោករំពឹងថា អង្គភាពកូរ៉េខាងជើងចំនួនប្រាំ ដែលនីមួយៗមានទាហានប្រហែល ៣០០០នាក់ នឹងត្រូវដាក់ពង្រាយនៅទីតាំងភាគឦសាន ខាងកើត និងភាគអាគ្នេយ៍ នៅលើខ្សែបន្ទាត់ជួរមុខប្រវែង ១៥០០ គីឡូម៉ែត្រ៕
ប្រែសម្រួល ឈូក បូរ៉ា