ព្រឹត្តិការណ៍

តើ​ប្រទេស​ណា ​មាន​ទំនាក់ទំនង​ ការទូត ​ជា​ផ្លូវការ​ដំបូង​ បង្អស់​ជាមួយ​កម្ពុជា ​ក្នុង​សម័យ​ទំនើប?

ប្រទេស​ដែល​មាន​ទំនាក់ ទំនង​ការទូត​ជា​ផ្លូវការ ​ដំបូង​បង្អស់​ជាមួយ​កម្ពុជា ​ក្នុង​សម័យ​ទំនើប​គឺ សហរដ្ឋអាមេរិក ។ នេះ​បើ​តាម​បញ្ជី​ទំនាក់ទំនង​ការទូត​ របស់​កម្ពុជា ដែល​រៀបរៀង ​ដោយ​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ ។

អាមេរិក​បាន​បង្កើត ​ទំនាក់ទំនង​ការទូត ​ជាមួយ​កម្ពុជា​នៅ​ថ្ងៃ​ទី១១ ខែ​កក្កដា ឆ្នាំ១៩៥០ ពោល ​គឺ​នៅ​ពេល​កម្ពុជា​នៅ​មិន​ទាន់​ទទួល​បាន​ឯករាជ្យ​ពេញ លេញ​ពី​បារាំង​នៅ​ឡើយ។

ទំនាក់ទំនង​ការទូត​នេះ ​ជា​ទំនាក់ទំនង​ផ្លូវការ​រវាង​រដ្ឋ និង​រដ្ឋ ហើយ​ទំនាក់ទំនង​នេះ​បាន​សេចក្ដី​ថា រដ្ឋ​ទាំង​ពីរ​ទទួល​ស្គាល់​គ្នា ហើយ​រាប់អាន​គ្នា​ស្មើ​មុខ​ ស្មើ​មាត់​នឹង​គ្នា។

នេះ​មិនមែន​បាន​សេចក្ដី​ថា កម្ពុជា​នៅ​មុន​ឆ្នាំ១៩៥០ មិន​ដែល​ប្រាស្រ័យ​ទាក់ទង​ ជាមួយ​ប្រទេស​ផ្សេង​នោះ​ដែរ។

ក្នុង​ប្រវត្តិសាស្ត្រ​ជាង ២ពាន់​ឆ្នាំ​នេះ​ កម្ពុជា​ធ្លាប់​មាន​ទំនាក់ទំនង​ បែប​នយោបាយ ពាណិជ្ជកម្ម និង​វប្បធម៌ ជាមួយ​ប្រទេស​នានា​លើ​លោក​អស់​ពេល​ជា​យូរ​ លង់​ណាស់​មក​ហើយ។

នគរ​ ឬ រដ្ឋ​ទាំង​នោះ​រួម​មាន​ រាជវង្ស​នានា​នៅ​ស្រុក​ចិន រដ្ឋ​នានា​នៅ​អាស៊ីអាគ្នេយ៍​ទាំង​ដី​គោក និង​ដី​កោះ រដ្ឋ​មួយ​ចំនួន​នៅ​ឥណ្ឌា មជ្ឈិមបូព៌ា ហើយ​ថែម​ទាំង​មាន​កំណត់ត្រា​ មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា នគរ​ខ្មែរ ធ្លាប់​រកស៊ី​ជាមួយ​ពួក​អឺរ៉ុប​អស់​រាប់រយ​ឆ្នាំ​មក​ហើយ៕

Most Popular

To Top