ភ្នំពេញ៖ ប្រតិភូ ចៅក្រម គ្រូបង្វឹក និងកីឡាករ ៣ នាក់កីឡាកាយវប្បកម្មកម្ពុជានាយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានមកដល់ប្រទេសកម្ពុជាវិញហើយ ខណៈកីឡាករកាយវប្បកម្មកម្ពុជា យូ ឃាងហ៊ុយ ដណ្តើមបានមេដាយសំរិទ្ធ ១ គ្រឿងលើវិញ្ញាសា Men’s Sports Physique over 180cm +4Kg ក្នុងព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មពិភពលោក លើកទី១៥ ឆ្នាំ២០២៤ នៅទីក្រុង ADDU សាធារណរដ្ឋម៉ាល់ឌីវ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោកស្រី អេមី សារីរ៉ឺម គ្រូបង្វឹក បានប្រាប់ឲ្យដឹងថា លោកស្រីពិតជាសប្បាយចិត្តខ្លាំងណាស់ បន្ទាប់ពីគណៈកម្មការបានប្រកាសលទ្ធផលថា កីឡាករកាយវប្បកម្មកម្ពុជា យូ ឃាងហ៊ុយ ទទួលបានមេដាយសំរិទ្ធ ១ គ្រឿងពីព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មពិភពលោកឆ្នាំនេះ ។
មេដាយនេះជាការខិតខំប្រឹងប្រែងរបស់កីឡាករផ្ទាល់ ដោយសារយូ ឃាងហ៊ុយ ជាអតីតមេដាយសំរិទ្ធក្នុងព្រឹត្តិការណ៍ការប្រកួតជើងឯកពិភពលោកនៅប្រទេសកូរ៉េខាងត្បូង ឆ្នាំ២០២៣ និងម្ចាស់មេដាយមាសក្នុងព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មអាស៊ីលើកទី ៥៦ ឆ្នាំ២០២៤ “The 56th ASIAN BODYBUILDING AND PHYSIQUE SPORTS CHAMPIONSHIPS” នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅកោះបាតាំ សាធារណរដ្ឋឥណ្ឌូណេស៊ី។
លោកស្រីបានបន្តថា ក្នុងនាមគ្រូបង្វឹកកីឡាកាយវប្បកម្ម និងតាំងនាមឲ្យថ្នាក់ដឹកនាំសហព័ន្ធសូមថ្លែងអរគុណដល់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាតែងតែគាំទ្រ និងលើកទឹកចិត្តដល់មន្រ្តី និងកីឡាករ-កីឡាការិនីកីឡាកាយវប្បកម្ម ព្រមទំាំងអនុញ្ញាតិឲ្យចេលទៅប្រកួតកម្រិតអន្តរជាតិនានាលើកនេះ និងកន្លងមក។
ការប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មពិភពលោក លើកទី១៥ មានកីឡាករមកពីជាង ៥០ ប្រទេសចូលរួម អាចច្រើនជាងការប្រកួតជើងឯកពិភពលោកនៅប្រទេសកូរ៉េខាងត្បូង ឆ្នាំ២០២៣ទៅទៀត ដូចនេះកីឡាករ ឃូ ឃាងហ៊ុយ នៅតែដណ្តើមមេដាយសំរិទ្ធជូនប្រទេសកម្ពុជាបានដដែល។
សហព័ន្ធបានបញ្ជូនប្រតិភូ ចៅក្រម គ្រូបង្វឹក និងកីឡាករ ៣ នាក់ទៅចូលរួមប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មពិភពលោក លើកទី១៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥-១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុង ADDU សាធារណរដ្ឋម៉ាល់ឌីវ រួមមានរូបលោក ប្រធានដឹកនាំ និងជាចៅក្រម លោកស្រី អេមី សារីរ៉ឺម គ្រូបង្វឹក និងកីឡាករ យូ ឃាងហ៊ុយ៕
ដោយ៖ លី ភីលីព