ម៉ាឡេស៊ី៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា បុរសម្នាក់នៅប្រទេសម៉ាឡេស៊ីត្រូវបាន ចាប់ខ្លួនដោយចោទប្រកាន់ថា លោកបានសម្លាប់ម្តាយរបស់ខ្លួន ហើយលាក់សាកសពម្តាយក្នុងទូទឹកកក អស់រយៈពេលបីឆ្នាំមកហើយ។
មេប៉ូលីសនៃទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី លោក Rusdi Mohd Isa បាននិយាយថា ប៉ូលីសបានទទួលរបាយការណ៍ អំពីបញ្ហានេះកាលពីថ្ងៃអង្គារ។ ខណៈកាសែត The Straits Times បានរាយការណ៍ថា ជនសង្ស័យបានទូរស័ព្ទទៅសេវាសង្គ្រោះបន្ទាន់ ដោយសារតែបញ្ហាសុខភាព ដោយជូនដំណឹងដល់ប៉ូលីស អំពីអ្វីដែលអាចនឹងកើតឡើង។
Sinar Harian បានរាយការណ៍ថា បុរសអាយុ ៥៣ ឆ្នាំត្រូវបានចោទប្រកាន់ថា បានសម្លាប់ស្ត្រីចំណាស់ម្នាក់ក្នុងវ័យ ៨០ ឆ្នាំ ត្រូវបានគេជឿថា ជាម្តាយរបស់លោក មុនពេលលាក់សាកសពរបស់ម្តាយ ក្នុងទូរទឹកកកនៅផ្ទះមួយស្ថិតនៅ Taman Overseas Union Garden ។ សាកសពត្រូវបានលាក់ទុក ក្នុងទូរទឹកកកអស់រយៈពេលបីឆ្នាំមកហើយ។
អ្នកជិតខាងម្នាក់បាននិយាយថា ជនសង្ស័យបានរស់នៅក្នុងផ្ទះជាង ១០ឆ្នាំមកហើយ។ លោក Rusdi បាននិយាយថា សាកសពត្រូវបាននាំយក ទៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Universiti Malaya ដើម្បីពិនិត្យក្រោយការធ្វើកោសល្យវិច័យ។ លោកបានបន្ថែមថា បច្ចុប្បន្នជនសង្ស័យត្រូវបានគេ ស៊ើបអង្កេតពីបទឃាតកម្ម៕