ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Toyota Motor Corp កំពុងពិចារណា បិទមូលដ្ឋានលក់ រួមគ្នានៅទីក្រុងប៉េកាំង

kyodo

ណាហ្គោយ៉ា ៖ ប្រភពព័ត៌មាន ពីអ្នកដឹងអំពីបញ្ហានេះ បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមហ៊ុន Toyota Motor Corp កំពុងពិចារណាបិទ មូលដ្ឋានលក់ នៃក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា របស់ចិននៅទីក្រុងប៉េកាំង និងបង្រួបបង្រួមវាជា មួយមូលដ្ឋានមួយផ្សេង ទៀតនៅទីក្រុង Tianjin ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរៀបចំ រចនាសម្ព័ន្ធឡើងវិញ ចំពេលមានការប្រកួតប្រជែង កាន់តែខ្លាំងជាមួយម៉ាក ក្នុងស្រុក យោងតាមការចេញ ផ្សាយពីគេហទំព័រ Japan Today ។

ប្រភពព័ត៌មានបាន បន្តថា ការរៀបចំរចនា សម្ព័ន្ធឡើងវិញនៅ Tianjin FAW Toyota Motor Co នឹងមិនពាក់ព័ន្ធនឹង ការកាត់បន្ថយ ផលិតកម្មទេ ហើយក្រុមហ៊ុនផលិតរថយន្តនឹងបន្តដាក់លក់ផលិតផលថ្មីក្នុងប្រទេសចិន ដើម្បីបន្តកំណើន ដោយសារតែប្រទេសនេះនៅតែជាទីផ្សារដ៏សំខាន់មួយរបស់ខ្លួន។

ផែនការនេះកើតឡើង នៅពេលក្រុមហ៊ុន ផលិតរថយន្តជប៉ុន រួមទាំង Toyota ប្រឈមមុខ នឹងបញ្ហាក្នុងការ រក្សាប្រាក់ចំណេញ នៅលើទីផ្សាររថយន្តដ៏ធំបំផុត របស់ពិភពលោក ខណៈដៃគូប្រកួតប្រជែងក្នុងស្រុកខ្លាំងដូចជា BYD Co. បន្តដណ្តើមចំណែកទីផ្សារ ជាមួយនឹងរថយន្តអគ្គិសនី ដែលមានតម្លៃសមរម្យជាងមុន។

នេះបើយោងតាមរបាយការណ៍ប្រាក់ចំណូល របស់ខ្លួនបានបង្ហាញ នៅដើមខែនេះ បានឲ្យដឹងថា ក្រុមហ៊ុន Toyota បានឃើញប្រាក់ចំណេញរបស់ខ្លួន នៅប្រទេសចិនធ្លាក់ចុះជាង ៣០ ភាគរយក្នុងរយៈពេលប្រាំមួយខែរហូតដល់ខែកញ្ញា ខណៈការលក់រថយន្តក្នុងស្រុករបស់ខ្លួនបានធ្លាក់ចុះ ១៣.៧ ភាគរយសម្រាប់ម៉ាក Toyota និង Lexus ។

សន្និសីទសារព័ត៌មានស្តីពីប្រាក់ចំណូលកាលពីថ្ងៃទី ៦ ខែវិច្ឆិកា លោក Yoichi Miyazaki ប្រធានផ្នែកហិរញ្ញវត្ថុរបស់ Toyota បានព្រមានអំពីទស្សនវិស័យ អាជីវកម្មរបស់ខ្លួនក្នុងប្រទេសចិនដោយនិយាយថា ការប្រកួតប្រជែងតម្លៃ នាពេលបច្ចុប្បន្ននៅប្រទេសចិន អាចកាន់តែខ្លាំងឡើងបន្ថែមទៀត ។

លោកបាននិយាយថា ក្រុមហ៊ុនផលិត រថយន្តកំពុងបង្កើតយុទ្ធសាស្រ្ត របស់ខ្លួនឡើងវិញក្នុងប្រទេសចិន ដោយលោក បានបន្ថែមថា ខ្លួនកំពុងធ្វើការដើម្បីផលិតរថយន្តបន្ថែមទៀត ស្របតាមតម្រូវការ របស់អ្នកប្រើប្រាស់ ជនជាតិចិនក្នុងរយៈពេល២ឬ៣ ឆ្នាំខាងមុខ។

ក្រុមហ៊ុន Tianjin FAW Toyota Motor ជាក្រុមហ៊ុនបណ្តាក់ទុន រួមគ្នារវាងក្រុមហ៊ុន Toyota និងក្រុមហ៊ុនផលិត រថយន្តក្នុងស្រុក China FAW Group មានក្រុមហ៊ុនចែកចាយ ប្រមាណ៧០០ គិតត្រឹមដំណាច់ខែសីហា។ វាលក់រថយន្ត Corolla sedan ផលិតក្នុងស្រុក រថយន្តស្ព័រ RAV4 និងរថយន្តអគ្គិសនី bZ4X ក្នុងចំណោមផលិតផលផ្សេងទៀត៕

Most Popular

To Top