ព័ត៌មានអន្តរជាតិ

ស្តេចស្ករស នៃអាស៊ី ដែលជាមហាសេដ្ឋីម៉ាឡេស៊ី លោក Robert Kuok មានអាយុ ១០១ ឆ្នាំ

VN Express

ម៉ាឡេស៊ី ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោក Robert Kuok ជាមហាសេដ្ឋីម៉ាឡេស៊ីដែលមានទ្រព្យសម្បត្តិ ១១.៧ ពាន់លានដុល្លារ ត្រូវបានគេស្គាល់ថា ជា “ស្តេចស្ករសនៃអាស៊ី” និងជាស្ថាបនិក នៃសង្វាក់សណ្ឋាគារប្រណីត Shangri-La នាបច្ចុប្បន្ន។

ទោះបីជាលោក Kuok បច្ចុប្បន្នមានអាយុ ១០១ ឆ្នាំ ភាគច្រើនបានចូលនិវត្តន៍ ពីអាជីវកម្មរបស់លោកចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ ក៏ដោយ ប៉ុន្តែលោកបានរក្សាតំណែង របស់លោកនៅលើកំពូល នៃបញ្ជីអ្នកមានរបស់ Forbes នៅប្រទេសម៉ាឡេស៊ីអស់រយៈពេលជាង ២០ ឆ្នាំ។

សព្វថ្ងៃនេះ ក្រុមហ៊ុនរបស់លោក គឺក្រុមហ៊ុន Kuok Group បានដំណើរការជាក្រុមហ៊ុនសកលដែលលាតសន្ធឹងលើទ្វីបចំនួន ៦ ជាមួយនឹងអាជីវកម្មលើទំនិញ អចលនទ្រព្យ ភស្តុភារ បដិសណ្ឋារកិច្ច សេវាកម្មសមុទ្រ និងអាហារ។ ប៉ុន្តែប្រហែលជាគួរឲ្យចាប់អារម្មណ៍បំផុត គឺការកើនឡើងរបស់មហាសេដ្ឋីពីការចាប់ផ្តើមតិចតួច។

នេះបើយោងតាម Bloomberg បានប្រាប់ឲ្យដឹងថា លោក Kuok កើតនៅឆ្នាំ ១៩២៣  នៅ Johor រដ្ឋភាគខាងត្បូងនៃប្រទេសម៉ាឡេស៊ី ជាកូនពៅក្នុងចំណោមបងប្អូន៣ នាក់។ ឪពុករបស់លោកមានដើមកំណើតមកពីខេត្ត Fujian របស់ប្រទេសចិន ធ្វើការជាពាណិជ្ជករលក់ទំនិញកសិកម្ម ។

បន្ទាប់ពីឪពុករបស់ពួកគេបានទទួល មរណភាពនៅឆ្នាំ ១៩៤៨ មិនយូរប៉ុន្មានបន្ទាប់ពីសង្គ្រាមលោកលើកទី ២ លោក Kuok និងបងប្អូនរបស់លោកបានទទួល មរតកអាជីវកម្មចែកចាយអង្កររបស់គ្រួសារ។ លោកបានបង្កើតក្រុមហ៊ុន Kuok Group មួយឆ្នាំក្រោយមក ហើយបានចាប់ផ្តើមជួញដូរទំនិញដូចជា អង្ករ ស្ករ និងម្សៅស្រូវសាលី។

ក្រោយមកលោកបានបង្កើតក្រុមហ៊ុនផលិតស្ករ Malayan Sugar Manufacturing ក្នុងឆ្នាំ ១៩៥៩  ហើយក្រុមហ៊ុននេះបានក្លាយជាក្រុមហ៊ុនចម្រាញ់ស្ករដ៏ធំបំផុតរបស់ម៉ាឡេស៊ី ដែលស្មើនឹង ៦០ ភាគរយនៃការផ្គត់ផ្គង់ស្ករក្នុងស្រុក។

នេះបើយោងតាមកាសែត The Business Times បាននិយាយថា សហគ្រាសរបស់លោកបានរីកចម្រើន យ៉ាងឆាប់រហ័ស ដោយលោក Kuok នៅទីបំផុតបានគ្រប់គ្រង ទីផ្សារស្ករសទូទាំងពិភពលោក ប្រហែល ១០ ភាគរយ ធ្វើឲ្យលោកទទួលបានរហស្សនាមថា ស្តេចស្ករសនៃអាស៊ី “Sugar King of Asia” ។ ការបញ្ចប់នៃការគ្រប់គ្រងអាណានិគម អង់គ្លេសបានបង្កើតឱកាសអាចឲ្យគ្រួសារ គួកលេចមុខជាអ្នកដឹកនាំនៅក្នុង ឧស្សាហកម្មផ្សេងៗ រួមទាំងការផលិតប្រេងដូងអាចបរិភោគបាន និងអាជីវកម្មកសិ។

លោក Kuok បានបង្កើត Kuok Singapore ក្នុងឆ្នាំ ១៩៥៣ ហើយក្រោយមកបានបង្កើត Kerry Holdings នៅហុងកុង គ្រប់គ្រងប្រតិបត្តិការរបស់ Kuok Group នៅហុងកុង និងចិន។ លោកក៏បានដើរតួក្នុងឧស្សាហកម្មដឹកជញ្ជូនរបស់ប្រទេសម៉ាឡេស៊ីនៅទសវត្សរ៍ឆ្នាំ ១៩៦០ ដោយបង្កើតក្រុមហ៊ុនដឹកជញ្ជូនដំបូងរបស់ខ្លួនគឺ MISC ដែលលោកបានចាកចេញនៅឆ្នាំ ១៩៨៧។

ក្រោយមកលោកបានបង្កើតក្រុមហ៊ុនដឹកជញ្ជូន Pacific Carriers ក្នុងប្រទេសសិង្ហបុរី ហើយបានបម្រើការជាប្រធានក្រុមហ៊ុន Malaysia-Singapore Airlines មុនពេលក្រុមហ៊ុននេះបានបំបែកទៅជាក្រុមហ៊ុនអាកាសចរណ៍ Malaysia Airline System និង Singapore Airlines ក្នុងឆ្នាំ ១៩៧២៕

Most Popular

To Top