ព័ត៌មានអន្តរជាតិ

បុរសចំណាស់ ជាងគេបំផុត លើពិភពលោក នៅអង់គ្លេសទទួលមរណភាព ក្នុងអាយុ ១១២ឆ្នាំ

VN Express

អង់គ្លេស ៖ នេះបើយោងតាមសៀវភៅកំណត់ត្រាពិភពលោក Guinness World Records បានប្រកាសកាលពីថ្ងៃទី ២៦ ខែវិច្ឆិកាដោយដកស្រង់សំដីគ្រួសារ របស់លោកតាថា បុរសចំណាស់ជាងគេបំផុត របស់ពិភពលោក ជនជាតិអង់គ្លេស លោកតា John Tinniswood បានទទួលមរណៈភាពក្នុងអាយុ ១១២  ឆ្នាំនៅផ្ទះថែទាំសុខភាព នៅទីក្រុង Southport ភាគពាយព្យនៃចក្រភពអង់គ្លេស យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

លោកា Tinniswood កើតនៅទីក្រុង Liverpool នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ១៩១២ ហើយបានទទួលមរណភាព នៅថ្ងៃទី ២៥ ខែវិច្ឆិកា។ លោកតាបានក្លាយជាបុរស ចំណាស់ជាងគេបំផុត នៅលើពិភពលោកកាលខែមេសា បន្ទាប់ពីការស្លាប់របស់លោកតា Juan Vicente Perez ជនជាតិ វេណេស៊ុយអេឡាក្នុងអាយុ ១១៤ ឆ្នាំ។

ក្រុមគ្រួសារបាននិយាយ ក្នុងសេចក្តីថ្លែងការណ៍មួយថា ថ្ងៃចុងក្រោយរបស់លោកតា ត្រូវបានហ៊ុំព័ទ្ធដោយតន្ត្រី និងក្តីស្រឡាញ់ ហើយថែមទាំងអរគុណ ដល់អ្នកទាំងអស់បានមើលថែ លោកតាអស់ពេលជាច្រើនឆ្នាំ ។ លោកតាកើតក្នុងឆ្នាំដែលកប៉ាល់ទីតានិកបានលិច និងឆ្លងកាត់សង្គ្រាមលោកទាំង២ លោក Tinniswood បានប្រាប់ Guinness World Records ថា អាថ៌កំបាំងរស់នៅបានយូររបស់លោក គឺ សំណាងសុទ្ធ។

លោកតាបាននិយាយថា អ្នកអាយុវែង ឬអ្នកអាយុខ្លី ហើយអ្នកមិន អាចធ្វើអ្វីបានច្រើនអំពីវាទេ។ យ៉ាងណាក៏ដោយ លោកតាបានណែនាំឲ្យចេះរក្សាសុខភាព របស់ខ្លួនបានល្អប្រសើរ ។ លោកតាបានបន្ថែមថា  បើអ្នកផឹកច្រើន ញ៉ាំច្រើនពេក ដើរច្រើន បើអ្នកធ្វើអ្វីច្រើនពេក អ្នកនឹងរងទុក្ខនៅទីបំផុត ។

ក្នុងកំឡុងសង្គ្រាមលោកលើកទី ២ លោក Tinniswood បានកាន់តួនាទីរដ្ឋបាលនៅ Royal Army Pay Corps ដោយបន្តធ្វើការគណនីសម្រាប់ក្រុមហ៊ុនប្រេងយក្ស Shell និង BP ។ លោកតាជាអ្នកគាំទ្រក្លឹបបាល់ទាត់ Liverpool អស់មួយជីវិត ហើយបានទទួលទានត្រីរៀងរាល់ថ្ងៃសុក្រ។

ស្ត្រីចំណាស់បំផុតក្នុងពិភពលោកបច្ចុប្បន្ន គឺលោកស្រី Tomiko Itoka ជនជាតិជប៉ុន ដែលមានអាយុ ១១៦ ឆ្នាំ៕

Most Popular

To Top