កីឡា

លោក រិទ្ធ ឌីកា ៖ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ K Cup 888 ធ្វើឡើងដើម្បីផ្តល់ឱកាសឲ្យកីឡាករលើសទម្ងន់ និងខានលេងយូរបានបង្ហាញខ្លួនលើទីលានវិញ

ភ្នំពេញ៖ លោក រិទ្ធ ឌីកា នាយកបច្ចេកទេសរបស់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងប្រធានក្រុមកីឡាបាល់ទាត់វ័យចាស់ K8 FOOTBALL TEAM បានមានប្រសាសន៍ថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ K Cup 888កីឡូក្រាម ធ្វើឡើងក្នុងគោលបំណងដើម្បីឲ្យអតីតកីឡាករ ឬលោកអ្នកស្នេហាវិស័យបាល់ទាត់ ដែលបានវិវឌ្ឍន៍មាឌទៅធាត់ៗ ព្រោះតែខានលេង ហើយគ្មានឱកាសបានចូលលេងលើទីលាន ឲ្យបានលេងទំាងអស់គ្នា ដើម្បីសុខភាព និងមិត្តភាព។

លោក រិទ្ធ ឌីកា នាយកបច្ចេកទេសរបស់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងប្រធានក្រុមកីឡាបាល់ទាត់វ័យចាស់ K8 FOOTBALL TEAM បានប្រកាសជាផ្លូវការរៀបចំការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ K Cup 888 កីឡូក្រាមឡើងនៅតារាងបាល់ទាត់ក្នុងវិទ្យាល័យបឹងកេតកចាប់ពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ។

លោក រិទ្ធ ឌីកា បានបញ្ជាក់ថា ពានរង្វាន់នេះបង្កើតឡើងក្នុងគោលបំណង ដើម្បីឲ្យអតីតកីឡាករឬអ្នកដែលស្នេហាវិស័យបាល់ទាត់ ដែលបានវិវឌ្ឍន៍មាឌទៅធាត់ៗ ព្រោះតែខានលេង ហើយគ្មានឱកាសបានចូលលេងលើទីលាន ទទួលបានឱកាសបញ្ចេញជាតិពុលតាមរយៈការចូលលេងជាមួយពាន K Cup 888 កីឡូក្រាម។ លោកពិតជាមានភាពរីករាយខ្លាំងមែនទែន ក្នុងការផ្ដួចផ្ដើមរៀបចំពាននេះឡើង ព្រោះអីគ្រាន់តែប្រកាសមិនដល់ ១០ម៉ោងផង មានក្រុមសម្រេចចិត្តចូលរួមដល់ទៅ១២ ។

លោកបន្ថែមថា ដើម្បីបង្កើតភាពងាយស្រួលក្នុងការរៀបចំពាននេះ លោកសម្រេចយកតែ៨ក្រុមទេ ដោយធ្វើការចុចយកក្រុមដែលមានលទ្ធភាពគ្រប់គ្រាន់ និងត្រឹមត្រូវតាមលក្ខខណ្ឌដែលបានកំណត់។ ៨ក្រុមដែលចូលរួមនោះនឹងធ្វើការបែកចែកពូលជាពីរពូល ហើយធ្វើការប្រកួតជម្រុះនៅតាមពូលនីមួយៗ ដើម្បីស្វែងរកក្រុមខ្លាំងនៅតាមពូលនីមួយៗសរុប ៤ក្រុម យកមកប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

លោកបានបន្តថា ដ្បិតតែការចូលរួមមានការកំណត់លក្ខខណ្ឌ ប៉ុន្តែក៏មានការបន្ធូរបន្ថយខ្លះៗដែរ ដើមឡើយក្រុមការងារកំណត់ថា ត្រូវតែមាន ៨៨៨គីឡូក្រាម ក្នុងការចូលរួមប្រកួតនៅលើទីលាន ប៉ុន្តែប្រសិនបើមានចំនួនទម្ងន់មិនគ្រប់ក៏ក្រុមការងារអាចធ្វើការសម្របសម្រួលខ្លះដែរ គ្រាន់តែកុំឲ្យទម្ងន់ខុសគ្នាខ្លាំងពេក។ ពានរង្វាន់នេះប្រសិនមានការគាំទ្រខ្លាំងលោកសន្យាថា នឹងបន្តរៀបចំនាឆ្នាំក្រោយៗ ឬអាចធំជាងនេះបន្ថែមទៀត។

ពានរង្វាន់នេះមានលក្ខខណ្ឌកីឡាករត្រូវមានអាយុចាប់ពី ៣៥ ឆ្នាំឡើយ ហើយទម្ងន់ត្រូវមានយ៉ាងហោច៨៨៨គីឡូក្រាមនៅលើទីលានកំពុងប្រកួត កីឡាករត្រូវតែមានសញ្ជាតិខ្មែរ ហើយសមាជិកត្រូវមានយ៉ាងហោចណាស់២៥នាក់។ សូមបញ្ជាក់ថា ក្រៅពីពាន K Cup 888 គីឡូក្រាម លោក រិទ្ធ ឌីកា ក៏គ្រោងរៀបចំពានរង្វាន់ ១ទៀត មានឈ្មោះថា ពានអាយុ ៥០០ឆ្នាំ ដោយតម្រូវឲ្យកីឡាករចូលរួមបូកសរុបចូលគ្នាដាច់ខាតត្រូវតែមានអាយុ ៥០០ឆ្នាំឡើងទៅ ហើយពានរង្វាន់ប្លែកនេះគឺគ្រោងរៀបចំឡើងនៅ ឆ្នាំ២០២៥ផងដែរ៕

ដោយ៖ លី ភីលីព

Most Popular

To Top