ព័ត៌មានអន្តរជាតិ

មេដឹកនាំស៊ីរីលោក អាសាដ និងគ្រួសារ ត្រូវបានគេរាយការណ៍ថា បានទៅដល់ទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី

AFP

មូស្គូ៖ ទីភ្នាក់ងារសារព័ត៌មាន RIA ក្នុងស្រុកបានរាយការណ៍ ដោយដកស្រង់ ប្រភពពីវិមានក្រឹមឡាំងថា អតីតប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ និងក្រុមគ្រួសាររបស់លោក បានមកដល់ទីក្រុងមូស្គូ ហើយត្រូវបានផ្តល់សិទ្ធិជ្រកកោន ដោយប្រទេសរុស្ស៊ី សម្រាប់ហេតុផលមនុស្សធម៌ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងនោះដែរក្នុងគ្រាដែលកំពុងស្ថានភាពអាសន្ន ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃដិន នៅក្នុងសុន្ទរកថា ពីសេតវិមាន ដោយបានដាក់ចេញ នូវគោលនយោបាយ បីយ៉ាងឆ្ពោះទៅមុខ ខណៈដែលកងកម្លាំងប្រឆាំង នៅក្នុងប្រទេសស៊ីរី បានដណ្តើម កាន់កាប់រដ្ឋធានីដាម៉ាស់ ដោយព្រមានប្រឆាំងនឹង ការគំរាមកំហែងណាមួយ របស់ពួកជ្រុលនិយម។

ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា លោក បាសា អាល់អាសាដ បានចាកចេញពីប្រទេសស៊ីរី ហើយបានលាលែង ពីតំណែង ជាប្រធានាធិបតី របស់ប្រទេសនេះ ខណៈដែលកំពុងអំពាវនាវ ឱ្យមានការផ្ទេរអំណាច ដោយសន្តិវិធី នេះបើយោងតាមការចុះ ផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ថ្លែងពីបន្ទប់ Roosevelt នៃសេតវិមាន លោក បៃដិន បានលើកឡើងថា រដ្ឋបាលរបស់លោក នឹងជួយការពារការ គំរាមកំហែង ដ៏មានសក្តានុពលប្រឆាំងនឹងដៃគូរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ រួមមាន ហ្ស៊កដានី លីបង់ អ៊ីរ៉ាក់ និងអ៊ីស្រាអែល “ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរនេះ” ។

ទីពីរ ប្រធានាធិបតីរូបនេះបានលើកឡើងថា សហរដ្ឋអាមេរិកនឹងជួយធានាស្ថិរភាព “នៅភាគខាងកើតប្រទេសស៊ីរី ការពារបុគ្គលិកណាមួយ បុគ្គលិករបស់យើងប្រឆាំងនឹងការគំរាមកំហែងណាមួយ” និងរក្សាបេសកកម្មរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមជ្រុលនិយមដែលគេស្គាល់ថាជារដ្ឋអ៊ីស្លាមអ៊ីរ៉ាក់ និងស៊ីរី (ISIS)។

លោក បានបន្ដថា “យើងមើលឃើញ យ៉ាងច្បាស់អំពីការពិត ដែលថា ក្រុម ISIS នឹងព្យាយាមទាញយក អត្ថប្រយោជន៍ពីកន្លែង ទំនេរណាមួយ ដើម្បីបង្កើតសមត្ថភាព របស់ខ្លួនឡើងវិញ និងដើម្បីបង្កើតទីជម្រកសុវត្ថិភាព។ យើងនឹងមិនអនុញ្ញាតឱ្យវាកើតឡើងនោះទេ” ។

ទីបី សហរដ្ឋអាមេរិក “នឹងចូលរួមជាមួយក្រុម ស៊ីរីទាំងអស់ រួមទាំងនៅក្នុងដំណើរការ ដែលដឹកនាំដោយអង្គការ សហប្រជាជាតិ ដើម្បីបង្កើតការផ្លាស់ប្តូរមួយចេញពី” រដ្ឋាភិបាល លោក អាសាដ។ ក្នុងពេលកាន់តំណែង មិនដល់ពីរខែទៀតនោះ វាមិនច្បាស់ថារដ្ឋបាលលោក បៃដិន នឹងបំពេញគោលនយោបាយ ដែលបានប្រកាសខាងលើ ដល់កម្រិតណានោះទេ ៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top