កីឡា

ក្រុមបាល់ទាត់ ១៤ ក្រុមប៉ះគ្នាព្រឹត្តិការណ៍ប្រកួត “ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ” លើកទី២ ឆ្នាំ២០២៥

ភ្នំពេញ៖ លោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់ “ពានរង្វាន់កីឡាបាល់ទាត់ក្រសួង មហាផ្ទៃ” លើកទី២ ឆ្នាំ២០២៥ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសជាផ្លូវការ នៃព្រឹត្តិការណ៍ប្រកួត “ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ” លើកទី២ ឆ្នាំ២០២៥ នាពេលខាងមុខដែលគំនិតផ្តួចផ្តើមរបស់លោកអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

លោក យិត ភីរៈ បានប្រាប់ឲ្យដឹងថា ដោយទទួលបានអនុសាសន៍ និងការអនុញ្ញាតពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គណៈកម្មការរៀបចំការប្រកួត “ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ” លើកទី២ ឆ្នាំ២០២៥ មានអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ជាសេនាធិការ បានដំណើរការការងាររៀបចំព្រឹត្តិការណ៍ប្រកួត ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៦ ខែមករា រហូតដល់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ខាងមុខ ។

សម្រាប់ការរៀបចំព្រឹត្តិការណ៍ប្រកួតឆ្នាំ២០២៥ ខាងមុខនេះ គឺជាលើកទី២ ដោយទទួលបានការចូលរួមពីបណ្តាក្លឹបកីឡាបាល់ទាត់អគ្គស្នងការដ្ឋាន ក្លឹបអគ្គលេខាធិការដ្ឋាន ក្លឹបអគ្គនាយកដ្ឋាននានាសរុបចំនួន១៤ ក្រុមរួមមាន ក្រុមខុទ្ទកាល័យ ឯកឧត្តម អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្រុមអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រុមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រុមអគ្គនាយកដ្ឋានពន្ធនាគារ ក្រុមអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រុមបណ្ឌិត្យសភានគរបាលកម្ពុជា ក្រុមអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រុមអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ក្រុមអគ្គាធិការដ្ឋាន ក្រុមអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រុមអគ្គនាយកដ្ឋានឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រុមអគ្គនាយកដ្ឋានធនធានមនុស្ស និងក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម។

គណៈកម្មការរៀបចំការប្រកួត នឹងកំណត់យកនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ដើម្បីរៀបចំការចាប់ឆ្នោតចែកពូលប្រកួត ដោយមានវត្តមាន ឯកឧត្តមប្រធានក្លឹប តំណាងកីឡាករ ព្រមទាំងវត្តមាន អញ្ជើញចូលរួមពីមន្រ្តីបច្ចេកទេសអាជ្ញាកណ្តាលពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងតំណាងក្រុមហ៊ុន ចូលរួមសហការឧបត្ថម្ភមួយចំនួន ព្រមទាំងអ្នកសារព័ត៌មានជាច្រើនអង្គភាពចូលរួមផងដែរ។

លោក សរ សិទ្ធិ បានមានប្រសាសន៍ថា ការរៀបចំ “ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ” លើកទី២ ឆ្នាំ២០២៥ ធ្វើឡើងក្នុងគោលបំណងរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់ សំដៅបណ្តុះស្មារតីស្រឡាញ់កីឡា ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងមន្រ្តីរាជការស៊ីវិល មន្រ្តីនគរ បាលជាតិ និងមន្រ្តីពន្ធនាគារ ចំណុះក្រសួងមហាផ្ទៃ។ ជាថ្មីម្តងទៀត ក្នុងនាមគណៈកម្មការរៀបចំការប្រកួត ខ្ញុំសូមថ្លែងអំណរគុណដល់ក្លឹបទាំងអស់ ដែលបានខិតខំរៀបចំឲ្យមានកីឡាករបានចូលរួមក្នុងព្រឹត្តិការណ៍ប្រកួត “ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ” លើកទី២ ឆ្នាំ២០២៥ ខាងមុខនេះក្នុងស្មារតីស្រឡាញ់កីឡា ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព ដែលបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តដ៏មុតមាំ ស្របតាមអនុសាសន៍របស់លោកអភិសន្តិ បណ្ឌិត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

លោកប្រធានគណៈកម្មការរៀបចំ បានបន្តថា ជំនួសឲ្យគណៈកម្មការរៀបចំការប្រកួត ក៏ដូចជាបណ្តាក្លឹបទាំងអស់ដែលបានចូលរួមការប្រកួត ខ្ញុំសូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ជូន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលតែងតែយកចិត្តទុកដាក់ដល់សុខភាពមន្រ្តីរាជការក្រោមឱវាទ តាមរយៈ ការរៀបចំឲ្យមានព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់នេះឡើង។ ស្ថិតក្នុងវេលាដ៏អធិកអធមនេះ ខ្ញុំសូម លើកទឹកចិត្ត និងសូមជូនពរដល់ប្រតិភូកីឡា និងកីឡាករ ដែលត្រៀមចូលរួមក្នុងព្រឹត្តិការណ៍ប្រកួត ទាំងអស់នាពេលខាងមុខ សូមទទួលបានជ័យជម្នះ និងសុខសុវត្ថិភាព៕

ដោយ៖ លី ភីលីព

Most Popular

To Top