សិល្បៈ និង កម្សាន្ត

ប្រឡូកក្នុងអាជីពច ម្រៀងជាង ២៥ឆ្នាំ ព្រាប សុវត្ថិ នៅតែរក្សាភាព អស្ចារ្យទាំង ៤ចំណុចនេះ!

បាំងពេលមិនដល់ ៣សប្ដាហ៍ទៀតទេ នឹងដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ២០២៥ ដែលជាខួបគម្រប់ ២៦ឆ្នាំ នៃដំណើរដ៏វែងឆ្ងាយ របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ហើយលោកនៅតែអាចរក្សាបាន រក្សាប្រជាប្រិយភាពមិន ចេះប្រែប្រួលសម្រាប់ហ្វេនៗ។

ថ្មីៗនេះលោកឧកញ៉ា បានបង្ហាញអារម្មណ៍ពិតជាមួយរូបថត ដ៏ស្រស់ស្រាយជាមួយធម្មជាតិ អង្គុយក្បែរមាត់ទឹក ដោយលោកពោលថា៖ “នឹក អនុស្សាវរីយ៍ នៃការចូលវិថីសិល្បៈ តាំងពីដំបូង រហូតដល់ពេលនេះជាង ២៥ឆ្នាំ គិតតាមពេលវេលាយូរឆ្នាំ តែនឹកឡើងវិញ ហាក់ដូចមួយរយៈពេលខ្លីប៉ុណ្ណោះ ព្រោះគ្រប់ពេលវេលា ធ្វើដោយក្ដីស្រលាញ់” ។

បើគិតពីអាយុ ព្រាប សុវត្ថិ ដែលភរិយានៅតែហៅបង ស្នាយពេញៗមាត់ គឺមានវ័យជ្រេបន្ដិចហើយ ប៉ុន្ដែប្រជាប្រិយភាព ក្នុងរង្វង់សិល្បៈវិញនៅតែប្រដេញ ជាមួយកូនៗសំណព្វចិត្ដទាំង ៣នាក់។ ខាងក្រោមនេះ ជាភាពអស្ចារ្យចំនួន ៤ចំណុច របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលនៅតែអាចរក្សា បានគាំទ្រពីមហាជនមិនប្រែប្រួល ។

១/ រូបសម្បត្ដិ និងការតុបតែងខ្លួន ។ លោកមានវ័យជ្រេ តែទាន់សម័យ ដោយមានភរិយា នៅចាំតាមសម្អិតសម្អាងគ្រប់ពេលវេលា និងគ្រប់កម្មវិធីដោយផ្ទាល់ ។ ពេលរៀបចំឲ្យស្វាមីឡើងឆាក ឬចូលរួមកម្មវិធីម្ដងៗ ភរិយារបស់លោកធ្លាប់បញ្ជាក់ថា៖ “បុរាណចំបុរាណ សម័យចំសម័យ ដើម្បីបងស្នាយ ស្រស់សង្ហារគ្រប់វិនារី”។

២/ ទេពកោសល្យសំដែងលើឆាក ។ ហ្វេនៗខ្លះគិតថា លោកមានវ័យកាន់តែជ្រេ កាយវិកា ឬសកម្មភាពសម្ដែងមួយចំនួនអាចនឹងមិនរស់វើកដូចក្មេង។ ប៉ុន្ដែមានឯណា តាមរយៈសកម្មភាពសម្ដែង និងឡើងច្រៀងលើឆាក នៅខេត្ដព្រះវិហារ និងខេត្ដបន្ទាយមានជ័យ កាលពីពេលថ្មីនេះ បានធ្វើឲ្យមហាជនបើកភ្នែកធំៗ ដោយលាន់មាត់ថា “នៅគុណភាពដើមដើម Idol” ។

៣/ ទឹកដមសំឡេង និងសំដីផ្អែម។ និយាយពីសម្ដីសំដៅដាក់កូនចៅ ភរិយា និងអ្នកនៅជុំវិញខ្លួនវិញ តារាប្រុសរូបនេះនៅតែផ្អែម។ រីឯទឹកដមសំនៀងវិញ នៅតែក្រអួនក្រអៅមិនប្រែប្រួល ពោលគឺសំឡេងណែនច្បាស់ៗ ដូចកាលពីលោកកំពុងល្បីខ្លាំងកាលអំឡុង២០០៨ ដូច្នោះដែរ។

៤/ ប្រជាប្រិយភាព ឬការគាំទ្រពីមហាជន ។ បើទោះបីជាមួយរយៈចុងក្រោយនេះ រូបលោកទទួលពាក្យមិនសូវល្អ ខ្លះពីមហាជនជុំវិញមុខជំនួញ និងការងារថតបទចម្រៀងមួយចំនួន ប៉ុន្ដែមិនបានធ្វើឲ្យប្រជាប្រិយភាពរបស់លោកប្រែប្រួលឡើយ។ ជាក់ស្ដែងទាំងការឡើងសម្ដែងលើឆាក និងថត នៅក្នុងស្ទូឌីយោ គឺគ្រប់បទចម្រៀងរបស់លោកនៅតែមានអ្នកគាំទ្រច្រើន។

លក្ខណៈសម្បត្ដិរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលអាចឈរជើង ឬរក្សាបានប្រជាប្រិយភាពច្រើនឆ្នាំបែបនេះ គឺមិនមែនអាស្រ័យលើតែ ៤ចំណុចនេះទេ។ លោកក៏មានចំណុចខ្លាំងផ្សេងទៀតដែរ ក្នុងការប្រឡូកក្នុងអាជីវកម្មផ្ទាល់ខ្លួន ទំនាក់ទំងសង្គមទាំងក្នុងរង្វង់សិល្បៈ និងវិស័យធុរកិច្ច៕

Most Popular

To Top