ព័ត៌មានអន្តរជាតិ

ប្រទេសវៀតណាម​ ត្រូវការថវិកា ចំនួន ១៤ ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍស្ថានីយ សាកថាមពល EV

VN Express

វៀតណាម ៖ យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រទេសវៀតណាមនឹងត្រូវការទឹកប្រាក់ជិត ១៤ ពាន់លានដុល្លារអាមេរិក ដើម្បីបង្កើតបណ្តាញស្ថានីយ សាកអាគុយក្នុងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនបៃតងរបស់ប្រទេសមួយនេះ។

នេះត្រូវបានគេរំពឹងថានឹងកាត់បន្ថយការ បំភាយឧស្ម័នផ្ទះកញ្ចក់ និងបង្កើតឱកាសដ៏អស្ចារ្យសម្រាប់ទីផ្សាររថយន្តអគ្គិសនី (EV)។ ការផ្លាស់ប្តូរទៅកាន់ EVs ជាកិច្ចខិតខំប្រឹងប្រែងដ៏ធំមួយ ឆ្ពោះទៅរកគោលដៅសូន្យសុទ្ធរបស់វៀតណាម និងការការពារបរិស្ថាន ហើយវាក៏នឹងជំរុញសេដ្ឋកិច្ចជាតិ ជាពិសេសក្នុងការកាត់បន្ថយថ្លៃដើមនាំចូលប្រេង និងបង្កើតការងាររាប់លាន។

យោងតាមរបាយការណ៍ពីធនាគារពិភពលោក បាននិយាយថា ដើម្បីឲ្យរថយន្ត EVs ក្លាយជាចរន្ត ជាពិសេសក្នុងចំណោមអ្នកទិញរថយន្តលើកដំបូង ប្រព័ន្ធស្ថានីយ៍សាកថ្មដើរ តួនាទីយ៉ាងសំខាន់ ។ គេប៉ាន់ប្រមាណថា វៀតណាមត្រូវការ ២.២ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ដើម្បីសាងសង់បណ្តាញស្ថានីយ៍សាកអាគុយសាធារណៈ ហើយតួលេខនេះនឹងកើនឡើងដល់ ១៣.៩ ពាន់លានដុល្លារនៅឆ្នាំ ២០៤០ និង ៣២.៦ ពាន់លានដុល្លារនៅឆ្នាំ ២០៥០ ដើម្បីបំពេញតម្រូវការ EV របស់ប្រជាជនភាគច្រើន។

វាត្រូវបានព្យាករណ៍ថា ជាមួយនឹងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យា EV និងនិន្នាការឆ្ពោះទៅរកការដឹកជញ្ជូនពណ៌បៃតង តម្រូវការសម្រាប់យានជំនិះ ប្រភេទនេះត្រូវបានគេរំពឹងថា នឹងកើនឡើងយ៉ាងខ្លាំង នាពេលអនាគតដ៏ខ្លីខាងមុខនេះ។ រថយន្ត EV ច្រើនជាង ២.៨ លានគ្រឿងនឹងត្រូវប្រើប្រាស់ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ ២០៣៥ និង៣ លានគ្រឿងទៀតស្ថិតនៅ ក្នុងរយៈពេល ២០៣៦ដល់២០៥០ ប្រសិនបើការអភិវឌ្ឍន៍បណ្តាញស្ថានីយ៍សាកថ្មត្រូវបានពន្លឿន។

ក្រុមហ៊ុនផលិតធំៗដូចជា VinFast បានត្រួសត្រាយផ្លូវក្នុងវិស័យនេះ មិនត្រឹមតែវិនិយោគខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុវត្តគំរូសិទ្ធិផ្តាច់មុខដែលអាចឲ្យអាជីវកម្ម និងមនុស្សចូលរួមក្នុង ការអភិវឌ្ឍន៍បណ្តាញសាកអាគុយ ។ គំរូនេះជួយលើកកម្ពស់មិនត្រឹមតែការប្រើប្រាស់ EVs ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនិរន្តរភាពនៃឧស្សាហកម្ម EV នៅវៀតណាមផងដែរ ៕

Most Popular

To Top