បរទេស៖ អតីតខ្សែប្រយុទ្ធរបស់ប្រទេសប្រេស៊ីល លោក រ៉ូណាល់ដូ (Ronaldo) នឹងឈរឈ្មោះជាប្រធានសហព័ន្ធកីឡាបាល់ទាត់របស់ប្រទេស ហៅកាត់ (CBF) ។ កីឡាករដែលមានវ័យ ៤៨ ឆ្នាំរូបនេះបានលើកឡើងឲ្យដឹងយ៉ាងដូច្នេះកាលពីថ្ងៃចន្ទ ។
លោក រ៉ូណាល់ដូ បានឈ្នះពាន់រង្វាន់ World Cup សម្រាប់ប្រទេសប្រេស៊ីលនៅក្នុងឆ្នាំ១៩៩៤ និង ឆ្នាំ២០២២ នឹងឈរឈ្មោះជាបេក្ខជននៅក្នុងការបោះឆ្នោតប្រធាន CBF ដើម្បីជំនួសតំណែងប្រធានបច្ចុប្បន្ន គឺលោក Ednaldo Rodrigues នៅឆ្នាំ២០២៦ខាងមុខ ។
កីឡាកររូបនេះបានប្រាប់ដល់សារព័ត៌មាន Globo Esporte ថា “ក្នុងចំណោមរឿងរាវរាប់រយដែលជំរុញខ្ញុំឱ្យក្លាយជាបេក្ខជនប្រធាន CBF ខ្ញុំចង់ស្ដារកិត្យានុភាពនេះឡើងវិញ និងគោរពដល់ Selecao (ក្រុមជម្រើសជាតិប្រេស៊ីល) តែងតែមាន ហើយថ្ងៃនេះគ្មាននរណាម្នាក់មាននោះទេ” ។
អតីតខ្សែប្រយុទ្ធឲ្យក្លឹប Barcelona, Inter Milan និងក្លឹប Real Madrid បច្ចុប្បន្ននេះក៏បានលើកឡើងថា គាត់រំពឹងថា នឹងលក់ភាគហ៊ុនរបស់គាត់នៅក្នុងក្លឹប Real Valladolid នៃក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញផងដែរ ។
លោកបានលើកឡើងទៀតថា “យើងកំពុងចរចារលក់ដែលអាចធ្វើទៅបានក្នុងពេលឆាប់ៗនេះ ហើយយើងគួរតែបិទកិច្ចព្រមព្រៀង ។ វានឹងមិនមែនជាឧបសគ្គចំពោះបេក្ខភាពរបស់ខ្ញុំនោះទេ” ។
គេបានដឹងថា លោក Ronaldo ធ្លាប់កាន់កាប់ភាគហ៊ុនចំនួន៩០គរយនៅក្នុងក្រុមប្រេស៊ីល Cruzeiro ដែលរូបគាត់បានលក់កាលពីដើមឆ្នាំនេះផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា