កីឡា

លោក សាយ ណូរ៉ា ៖ ​ការប្រកួតកីឡាការ៉ាតេជា ការបញ្ជាក់ នូវសមត្ថភាព ចំណេះដឹង បទពិសោធន៍ បច្ចេកទេស និងទេពកោសល្យ របស់ក្រុមអត្តពលិក

ភ្នំពេញ ៖ លោក សាយ ណូរ៉ា អនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា លោក សំ សុខយី អនុប្រធាន តំណាងលោកយាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា និងលោក ម៉ៅ សុផល អគ្គលេខាធិការរង នៃក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាកិត្តិយស ចូលរួមពិធីបើកការ ប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិ ហ្វឹកហាត់កីឡាការ៉ាតេ (សាកលវិទ្យាល័យភូមិន្ទភ្នំពេញ “RUPP”) ។

លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង បានមានប្រសាសន៍ថា តាងនាមលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសម្ដែង នូវអំណរស្វាគមន៍ យ៉ាងជ្រាលជ្រៅចំពោះក្រសួងអប់រំ យុវជន និងកីឡា បានសហការ យ៉ាងជិតស្និទ្ធ ជាមួយសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានរៀបចំព្រឹត្តិការណ៍នេះឲ្យកើតឡើង ប្រកបដោយបរិយាកាសរីករាយ ស្និទស្នាល យ៉ាងជ្រាលជ្រៅ ក្នុងគោលបំណងលើកកម្ពស់ ការអប់រំ សុខមាលភាព ខាងផ្លូវកាយ ផ្លូវចិត្ត និងបច្ចេកទេស ដល់កីឡាករ- កីឡាការិនី ទាំងអស់ ដើម្បីត្រៀមលក្ខណៈសម្បត្តិ សម្រាប់ប្រកួតនាពេលនេះ ក៏ដូចជាការប្រមែ ប្រមូលធនធានអត្តពលិកមានសក្តានុពល ចូលរួមប្រកួត ជ្រើសរើសជើង ឯកការ៉ាតេ ថ្នាក់ជាតិ ឆ្នាំ២០២៤ ក៏ដូច ជាការត្រៀម ចូលរួមប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០២៩ ដែលប្រទេសកម្ពុជា យើងធ្វើជាម្ចាស់ផ្ទះ។
អនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជាបានបន្តថា វិស័យ កីឡាការ៉ាតេ របស់សហព័ន្ធកីឡាការ៉ាតេកម្ពុជា មានការអភិវឌ្ឍន៍ និងរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ ទាំងផ្នែក បរិមាណ និងគុណភាព ទាំងក្នុងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ដែលទទួលបាន លទ្ធផលជាផ្លែផ្កាល្អប្រសើរ គួរជាទីមោទកភាព ។ ការប្រកួតកីឡាការ៉ាតេនៅថ្ងៃនេះ ជាការបញ្ជាក់នូវ សមត្ថភាព ចំណេះដឹង បទពិសោធន៍ បច្ចេកទេស និង ទេពកោសល្យរបស់កីឡាករ-កីឡាការិនី ដែលបានធ្វើការ ហ្វឹកហាត់អស់រយៈពេលជាច្រើនឆ្នាំ កន្លងមក មកបញ្ចេញនូវសមត្ថភាព របស់ខ្លួនក្នុងការប្រកួតនាពេលនេះ ។

ឆ្លៀតក្នុងឧកាសដ៏ថ្លៃថ្លានេះ លោកសូមផ្តាំផ្ញើ នូវចំណុចមួយ ចំនួនដល់គណៈកម្មការ រៀបចំការប្រកួត គណៈកម្មការ បច្ចេកទេស គ្រូបង្វឹក ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវចំពោះភារកិច្ចនេះឲ្យបានល្អប្រសើរ ក្មួយៗកីឡាករឥកីឡាការិនី ទាំងអស់ត្រូវខិតខំយកចិតទុកដាក់គោរព នូវបទបញ្ជាប្រកួតនានា ដែលសហព័ន្ធក៏ដូចជា គណៈកម្មការរៀបចំការ ប្រកួតបានចែងឡើង និងរក្សានូវឆន្ទៈ គោរព ដៃគូរបស់ ខ្លួនក្នុងពេលប្រកួត ដោយមិនសម្ដែង នូវអាកប្បកិរិយាណា ដែលមិនសមរម្យ ។ ត្រូវបង្កើននូវសមត្ថភាពរបស់ ខ្លួនឲ្យអស់ពីសមត្ថភាព ដើម្បីអភិវឌ្ឍន៍ខ្លួនឯង ក៏ដូចជាវិស័យ កីឡាការ៉ាតេ ឲ្យកាន់តែបានល្អប្រសើរថែមទៀត សម្រាប់សហព័ន្ធកីឡាការ៉ាតេកម្ពុជា ៕

Most Popular

To Top